ទស្សនាវដ្តីប្រណីតសិង្ហបុរី ចេញខែធ្នូ ២០២៣ បានចេញអត្ថបទមួយសរសើរអ្នកការទូតចុងភៅខ្មែរដ៏ល្បីល្បាញរបស់យើង គឺ ចុងភៅ ណាក់ ។ ក្នុងឱកាសជាប្រវត្តិសាស្ត្រសម្រាប់វប្បធម៌ និងម្ហូបខ្មែរ សៀវភៅ “SAOY – Royal Cambodian Home Cuisine” បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Gourmand World Cookbook Awards លើកទី 29 ។
ការលើកកម្ពស់បេតិកភណ្ឌមុខម្ហូបរបស់កម្ពុជាជាសាកល សៀវភៅនេះត្រូវបានផ្តល់កិត្តិយស ជាប់ឈ្មោះ ជាបីប្រភេទពានរង្វាន់សំខាន់ៗ ៖ ទី 1 គឺ Best Of The Best (Books Publishers B02) ចំណែកទី 2 គឺ Asian-Books (Countries and Regions C08) និងទី 3 គឺ Heads Of State (Gastrodiplomacy G05)។
ក្នុងចំណោមប្រទេសចូលរួមចំនួន 205 សៀវភៅ “SAOY” បានទទួលនូវកិត្តិយសដែលត្រូវបានទទួលស្គាល់ថាជាសៀវភៅមុខម្ហូបល្អបំផុត ដែលជាសក្ខីភាពពិតចំពោះ វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
“ខ្ញុំមិននឹកស្មានថានឹងឈ្នះរង្វាន់នៅពេលខ្ញុំចាប់ផ្តើមគម្រោងនេះកាលពី 3 ឆ្នាំមុន។ ការធ្វើការជាមួយមិត្តភក្តិពីរបីនាក់ដែលឱ្យតម្លៃលើម្ហូប សិល្បៈ និងវប្បធម៌គឺជាគោលដៅរបស់ខ្ញុំ។ ឥឡូវនេះ ការទទួលបានពានរង្វាន់ Gourmand គឺលើសពីការរំពឹងទុករបស់ខ្ញុំ។ វាជាការរំលឹកថាសូម្បីតែភាពសាមញ្ញ សេចក្តីរីករាយនៃអាហារសមនឹងទទួលបានការអបអរសាទរ” ។ នេះបើតាមការឱ្យដឹងពី សេរី សុត ជាអ្នករចនារូប នៃសៀវភៅ SAOY។
“យើងពង្រីកចំណង់ចំណូលចិត្តរបស់យើងចំពោះសិល្បៈធ្វើម្ហូប តាមរយៈសេវាកម្មពិសេសៗ បន្ថែមពីលើការបោះពុម្ពសៀវភៅធ្វើម្ហូប និងបង្កើតខ្លឹមសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទាក់ទាញ ដើម្បីរក្សា និងផ្សព្វផ្សាយនូវភាពសំបូរបែបនៃម្ហូបខ្មែរ” ។ នេះបើតាមការឱ្យដឹង Chef ណាក់ ដែលជាម្ចាស់ស្នាដៃនៃសៀវភៅ SAOY – Royal Cambodian Home Cuisine៕