កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្ត «ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក» ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនក្នុងសប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការសាកល្បងយន្តហោះគ្មានមនុស្សបើកក្រោមទឹកដែលសន្មត់ថាមានបំពាក់អាវុធនុយក្លេអ៊ែរបានធ្វើឡើងនៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
កូរ៉េខាងជើងបានអះអាងពីការសាកល្បងប្រព័ន្ធ “Haeil-5-23” របស់ខ្លួនពីមុនមក ប៉ុន្តែអាវុធនេះមិនដែលត្រូវបានគេដឹងថាមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅមិនទាន់ឆ្លើយតបនឹងការបង្កហេតុចុងក្រោយនេះនៅឡើយទេ។
កូរ៉េខាងជើងបានបង្កើនសកម្មភាពយោធាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការអះអាងថា បានដាក់ពង្រាយកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយមធ្យម បន្ទាប់ពីមានការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូងក្នុងសប្តាហ៍ដំបូងនៃខែមករា។
មេដឹកនាំក្រុងព្យុងយ៉ាង លោក Kim Jong Un ក៏កាន់តែមានភាពឆេវឆាវក្នុងទិសដៅគោលនយោបាយ និងវោហាសាស្ត្ររបស់លោក ដោយបញ្ចប់កិច្ចព្រមព្រៀងជាច្រើនដែលមានគោលបំណងរក្សាសន្តិភាពក្នុងប៉ុន្មានខែថ្មីៗនេះ៕