តារាកំប្លែងនាយគ្រឿន នាពេលថ្មីៗនេះ បានបញ្ចេញបទចម្រៀងមួយបទ ដែលជាការសហការគ្នាជាមួយនឹង ក្រុមហ៊ុនហ្គេមអនឡាញមួយនៅកម្ពុជា។ បទចម្រៀងនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងដោយ លើកហេតុផលថា លោកជាតារាកំប្លែងលំដាប់ប្រទេសមួយ មិនគួរណាចូលរួមផ្សព្វផ្សាយល្បែងឡើយ។
មានការផ្ទុះការជជែកវែកញែក ជុំវិញរឿងរ៉ាវអ្នកសិល្បៈខ្មែរ ធ្វើជា BA និង បានចូលរួមផ្សព្វផ្សាយល្បែងអនឡាញ។ រឿងនេះ បានក្លាយជាប្រធានបទក្តៅនាពេលថ្មីៗនេះ ដោយសារតែកន្លងមកគេឃើញមានតែការបង្ហោះផ្សព្វផ្សាយធម្មតាៗ នៅលើហ្វេសប៊ុក ប៉ុន្តែប៉ុន្មានថ្ងៃមុននេះស្រាប់តែតារាកំប្លែង នាយគ្រឿន បានថតជាលក្ខណៈ MV ចម្រៀង ហើយបង្ហោះលើនៅ ហ្វេសប៊ុកតែម្តង។
គួរឱ្យដឹងថា ហ្គេមអនឡាញនៅកម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតផ្លូវការណាមួយនៅឡើយទេ ហើយទីតាំងបើកល្បែង Online នេះជារឿយៗត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះចាប់បង្ក្រាប និង បិទទីតាំងទាំងនោះផ្ទាល់ទៀតផង។ ពាក់ព័ន្ធនឹង អ្នកសិល្បៈចូលរួមផ្សព្វផ្សាយល្បែងអនឡាញនេះ គេនៅមិនទាន់ឃើញមានការបកស្រាយបំភ្លឺពីសំណាក់សាមីខ្លួន និង ប្រធានសមាគមន៍អ្នកសិល្បៈនៅឡើយទេ៕