តារាកំប្លែងនាយគ្រឿន នាពេលកន្លងទៅថ្មីៗនេះ បានបញ្ចេញបទចម្រៀងមួយបទ ដែលជាការសហការគ្នាជាមួយនឹង ក្រុមហ៊ុនហ្គេមអនឡាញមួយនៅកម្ពុជា។ បទចម្រៀងនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងដោយ លើកហេតុផលថា លោកជាតារាកំប្លែងលំដាប់ប្រទេសមួយ មិនគួរណាចូលរួមផ្សព្វផ្សាយល្បែងឡើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ តារាកំប្លែងនាយគ្រឿន បានចេញវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយនាយ បានសូមទោសមហាជនចំពោះកំហុសខុសឆ្គងរបស់ខ្លួនក្នុងការផ្សព្វផ្សាយល្បែងអនឡាញ ហើយចាប់ពីពេលនេះទៅ នាយប្រកាសថាឈប់ទទួលផ្សព្វផ្សាយល្បែងអនឡាញនេះទៀតហើយ ដើម្បីឱ្យប្រិយមិត្តរបស់លោកសប្បាយចិត្តឡើងវិញ។ មិនតែប៉ុណ្ណោះ តារាកំប្លែងរូបនេះ ថែមទាំងបានប្រកាសថា ឈប់ផ្សាយទាំងស្រាបៀរថែមទៀតផង។ នាយក៏បានសំណូមពរ មហាជនសូមកុំបញ្ចេញមតិ ប្រមាថមើលងាយដល់ម្តាយលោក ដោយពាក្យជេរអសរុស ជាដើម។
នាយគ្រឿន បានថ្លែងតាមរយៈវីដេអូឃ្លីបរបស់ខ្លួនថា “ចាប់ពីថ្ងៃនេះទៅ ខ្ញុំឈប់ទទួលផ្សាយល្បែង និង ស្រា ទៀតហើយ។ ហើយលុយដែលកុងត្រាជាមួយក្រុមហ៊ុនទាំងប៉ុន្មាន គឺត្រូវចាត់ទុកជា មោឃៈ ទាំងអស់ ដើម្បីចង់ឃើញបងប្អូនសប្បាយចិត្ត។ ចាប់ពីថ្ងៃនេះ មានអី ស៊ីហ្នឹង គឺខ្ញុំឈប់ទទួលផ្សព្វផ្សាយអ្វីដែលបងប្អូនមិនពេញចិត្តទៀតហើយ”។
គួរឱ្យដឹងថា ហ្គេមអនឡាញនៅកម្ពុជា មិនទាន់មានច្បាប់អនុញ្ញាតផ្លូវការណាមួយនៅឡើយទេ ហើយទីតាំងបើកល្បែង Online នេះជារឿយៗត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចុះចាប់បង្ក្រាប និង បិទទីតាំងទាំងនោះផ្ទាល់ទៀតផង៕