លោក Justin Yifu Lin ព្រឹទ្ធបុរសនៃវិទ្យាស្ថានសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Peking University បាននិយាយថា សេដ្ឋកិច្ចចិននឹងកើនឡើងលើសពី 5 ភាគរយនៅឆ្នាំ 2024 នេះ ប្រសិនបើរដ្ឋាភិបាលទទួលយកការពង្រីកសារពើពន្ធ និងរូបិយវត្ថុសកម្មបន្ថែមទៀត ដើម្បីជំរុញការវិនិយោគក្នុងស្រុក និងការប្រើប្រាស់។
ប្រភពខាងលើបាននិយាយថា រដ្ឋាភិបាលចិន នឹងមានវិធីសាស្រ្តក្នុងការវិនិយោគធនធានបន្ថែមទៀត នៅក្នុងតំបន់ដែលសហគ្រាសឯកជនមិនមានបំណងចង់វិនិយោគ ដូចជាការស្រាវជ្រាវជាមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធបៃតង និងការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការលើកកម្ពស់ឧស្សាហកម្ម។
ប្រទេសចិនកំពុងជួបប្រទះការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នាបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយអ្នកជំនាញជាច្រើនបាននិងកំពុងអំពាវនាវឱ្យមានការគាំទ្រគោលនយោបាយខ្លាំងជាងមុន ដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់។
ធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសនេះបានកាត់បន្ថយសមាមាត្រតម្រូវការទុនបម្រុងចំនួន 0.5 ភាគរយនៅថ្ងៃទី 5 ខែកុម្ភៈ ដើម្បីបញ្ចូលសាច់ប្រាក់ងាយស្រួលប្រហែល 140 ពាន់លានដុល្លារ ទៅក្នុងទីផ្សារ។
ជាឧទាហរណ៍ ការពង្រីកការវិនិយោគរបស់រដ្ឋាភិបាលក្នុងគម្រោងដូចជាផ្លូវហាយវេ និងបណ្តាញ 4G ឬ 5G ដែលអនុវត្តដោយសហគ្រាសរដ្ឋមិនត្រឹមតែបង្កើតការងារបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរឹងមាំសម្រាប់សហគ្រាសឯកជន រួមទាំងបណ្តាញអ៊ីនធឺណិតធំៗផងដែរ ឆ្ពោះទៅរកការរីកចម្រើនយ៉ាងឆាប់រហ័ស៕