វាមិនមែនជារឿងចៃដន្យទេដែលមានការកើនឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ម្ចាស់ Vision Pro ដោយនិយាយថាពួកគេបានប្រគល់វ៉ែនតា VR ដែលមានតម្លៃ 3,500 ដុល្លារ ទៅកាន់ក្រុមហ៊ុន Apple វិញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
Apple អនុញ្ញាតឱ្យអ្នកទិញ យកត្រលប់មកវិញនូវផលិតផលណាមួយក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីការទិញ ហើយសម្រាប់អ្នកទិញដំបូងនៃ Vision Pro កំពុងនាំគ្នាយកវ៉ែនតានេះ ត្រលប់ទៅកាន់ហាង Apple Store វិញហើយ។ អតិថិជនខ្លះ បាននិយាយថា វ៉ែនតានេះធ្វើឱ្យពួកគេឈឺក្បាល និងបង្កឱ្យមានជំងឺចលនា។ លោក Parker Ortolani អ្នកគ្រប់គ្រងផលិតផលរបស់ The Verge បានគិតថាការប្រើឧបករណ៍នេះនាំឱ្យដាច់សរសៃឈាមនៅក្នុងភ្នែករបស់លោក។ យ៉ាងហោចណាស់មានមនុស្សម្នាក់ផ្សេងទៀតបានកត់សម្គាល់ថាពួកគេមានបទពិសោធន៍ស្រដៀងនឹងការឡើងក្រហមនៅលើភ្នែក។
“ទោះបីជាវាប្រើវេទមន្តដូចដែលខ្ញុំរំពឹងទុកក៏ដោយ វាពិតជាមិនស្រួលក្នុងការពាក់សូម្បីតែរយៈពេលខ្លី ទាំងទម្ងន់ និងការរចនាខ្សែ។ ខ្ញុំចង់ប្រើវា ប៉ុន្តែខ្លាចវាបង្ករជាហានិភ័យណាមួយ” នេះបើតាមការឱ្យដឹងពីលោក Ortolani ដែលបាន ប្រគល់ឧបករណ៍ទៅកាន់ហាង Apple Store វិញ។ ប្រភពខាងលើបន្តថា “វាថ្លៃពេក ហើយមិនស្រួលក្នុងការព្យាយាមធ្វើឱ្យស៊ាំនឹងការឈឺក្បាលជាប់រហូត និងការឈឺភ្នែកដែលខ្ញុំកំពុងជួបប្រទះ”៕