យោងតាមការចុះផ្សាយរបស់សារព័ត៍មានចិន Xinhua News បានឱ្យដឹងថា ប្រធានគណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ប្រទេសថៃលោកស្រី Paetongtarn Shinawatra នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី 18-19 ខែមីនា ឆ្នាំ 2024 ខាងមុខនេះ។

សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា បាននិយាយថា “ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងគណបក្សទាំងពីរគឺសំដៅផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងគណបក្សទាំងពីរ”។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn Shinawatra នឹងជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្ទាប់មកនឹងជួបសំដែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកស្រី Paetongtarn Shinawatra ត្រូវបានប្រកាសបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រីកាលពីថ្ងៃពុធ កន្លងទៅ ពោលគឺនៅពេលដែលសម្តេចបានទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅវិមានរបស់លោកក្នុងទីក្រុងបាងកក ប្រទេសថៃ៕

