ក្រុមហ៊ុនបច្ចេកវិទ្យាចិនកំពុងស្ថិតក្នុងការចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យាទូរគមនាគមន៍ដ៏សំខាន់ ធ្វើឡើងនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ខណៈដែលក្រុមហ៊ុនទាំងនោះ បង្ហាញពីការច្នៃប្រឌិតចុងក្រោយរបស់ពួកគេដើម្បីស្វែងរកឱកាសអាជីវកម្មថ្មីៗ និងពង្រីកវត្តមានកាន់តែទូលំទូលាយនៅអឺរ៉ុប និងនៅលើសកលលោក។
ព្រឹត្តិការណ៍ Mobile World Congress 2024 បានទាក់ទាញក្រុមហ៊ុនចិនជាង 300 ដែលចំនួននេះហក់ឡើងស្ទើរតែពីរដងធៀបនឹងឆ្នាំមុន។ សហគ្រាសនានាកំពុងបង្ហាញផលិតផលចុងក្រោយបំផុតរបស់ពួកគេ រាប់ចាប់ពីប្រព័ន្ធ 5G ដែលបានធ្វើឱ្យប្រសើរឡើងជាងមុន និងស្មាតហ្វូនដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI រួមទាំងរថយន្តឆ្លាតវៃ និងឧបករណ៍ VR។
អ្នកជំនាញបាននិយាយថា ការចូលរួមដ៏រឹងមាំនេះបញ្ជាក់ពីឆន្ទៈរបស់ក្រុមហ៊ុនចិនសម្រាប់ការសហការជាសកល និងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ពួកគេនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រ ទោះបីជាមានការកើនឡើងនៃទណ្ឌកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដាក់មកលើពួកគេក៏ដោយ។ យោងតាម GSMA ដែលជាក្រុមហ៊ុនតំណាងឱ្យប្រតិបត្តិករទូរស័ព្ទចល័តធំបំផុតរបស់ពិភពលោក និងជាអ្នករៀបចំកម្មវិធី MWC 2024 បាននិយាយថា ក្រុមហ៊ុន Huawei បានចូលរួមចំណែកយ៉ាងធំនៅក្នុងការតាំងពិព័រណ៍ដ៏ធំបំផុតនៅឆ្នាំនេះ ហើយក្រុមហ៊ុន China Telecom និង Alipay បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី MWC 2024។ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេផ្សេងទៀតរបស់ចិនដែលបានចូលរួម រួមមាន Xiaomi, Lenovo, Honor និង ZTE ជាដើម៕