ក្រុមហ៊ុន Apple Inc បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសចិន ជាមួយនឹងមន្ទីរពិសោធន៍ស្រាវជ្រាវដែលបានអនុវត្តថ្មី នៅក្នុងការផ្លាស់ប្តូរចុងក្រោយបំផុតរបស់ខ្លួនដើម្បីទាញយកប្រយោជន៍ដល់ការផលិត និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ប្រទេសដើម្បីផលិតចេញនូវ ផលិតផលល្អបំផុត។
Isabel Ge Mahe អនុប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Apple Greater China បាននិយាយថា “យើងបានវិនិយោគរួចហើយ 1 ពាន់លានយន់ (139.4 លានដុល្លារ) ទៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវក្នុងប្រទេសចិន។ ហើយជាមួយនឹងផែនការពង្រីកថ្មី ការវិនិយោគរបស់យើងនឹងបន្តកើនឡើង។ “
ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពនៃមន្ទីរពិសោធន៍ស្រាវជ្រាវនៅ ទីក្រុងសៀងហៃ ដើម្បីគាំទ្រដល់ភាពជឿជាក់ គុណភាព និងការវិភាគសម្ភារៈសម្រាប់ខ្សែផលិតផលទាំងអស់។ នៅចុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ក៏នឹងបង្កើតមន្ទីរពិសោធន៍ស្រាវជ្រាវថ្មីមួយទៀតនៅទីក្រុង Shenzhen ខេត្ត Guangdong ដោយផ្តល់នូវការគាំទ្រកាន់តែខ្លាំងសម្រាប់បុគ្គលិកនៅក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក។
មន្ទីរពិសោធន៍ថ្មីនេះនឹងពង្រឹងសមត្ថភាពធ្វើតេស្ត និងស្រាវជ្រាវសម្រាប់ផលិតផលដូចជា iPhone, iPad និង Apple Vision Pro ។
Isabel Ge Mahe បាននិយាយថា “យើងជ្រើសរើសឱ្យមានមន្ទីរពិសោធន៍ស្រាវជ្រាវដែលបានអនុវត្តចំនួនពីរនៅក្នុងប្រទេសចិន ដោយសារតែសមត្ថភាពផលិតរបស់ប្រទេស និងវត្តមានដ៏រឹងមាំរបស់អ្នកផ្គត់ផ្គង់ក្នុងស្រុក” ។ យោងតាមប្រភពខាងលើ បានបញ្ជាក់ថា ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ចំនួនបុគ្គលិកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Apple បានកើនឡើងទ្វេដងនៅក្នុងប្រទេសចិន។