fbpx

ពិធីបុណ្យទន្លេ នៅសៀមរាបឆ្នាំនេះ ឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពល ដោយផ្សារភ្ជាប់ទន្លេ ទៅនឹងសន្តិភាព និងការអភិវឌ្ឍ

អត្ថបទដោយ ពិទូ
119 views

ដូចដែលលោកអ្នកនាងបានជ្រាបរួចមកហើយថា៖ ខេត្តសៀមរាបបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យទន្លេលើកទី៨ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៤។ ការប្រកាសបើកព្រឹត្តិការណ៍ជាផ្លូវការ ប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត។ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំនេះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាលចាត់ទុកថា៖ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំង អំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ ទន្លេ ទៅនឹងសន្តិភាព និងការអភិវឌ្ឍ ។

តាមរយៈរបាយការណ៍ជូនអង្គពិធីរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ “ បុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៤ថា៖ ដោយមើលឃើញអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានកំណត់ក្នុងការរៀបចំពិធីបុណ្យទន្លេ ក្នុងគោលបំណងបង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេ និងបំផុសមហាជនឱ្យចូលរួមអភិរក្សធនធានធម្មជាតិតាមដងទន្លេ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បរិយាបន្ន និងបានជំរុញការអភិវឌ្ឍខេត្តជាប់ដងទន្លេ ឱ្យក្លាយជាខេត្តប៉ូលទេសចរណ៍ដ៏ទាក់ទាញ។ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា៖កិច្ចការទាំងនេះក៏ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍ ក្នុងតំបន់របស់រាជរដ្ឋាភិបាលជាពិសេសជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្តនានា។

ឯកឧត្តមបន្តថា៖ ពិធីបុណ្យទន្លេលើកទី៨នេះ ប្រារព្ធឡើងក្រោមប្រធានបទ“ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ”ស្របនឹងបរិបទដែលកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ក្នុងនោះរាជរដ្ឋាភិបាលអាណត្តិទី៧នេះ កំពុងតែបន្តធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ ហើយប្រជាពលរដ្ឋកំពុងតែរីករាយ នឹងពន្លឺនៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ខណៈពេលដែលចំណងមិត្តភាពជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តនានាកំពុងតែមានភាពល្អប្រសើរតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍បន្តថា៖ ក្រោមម្លប់នៃសុខសន្តិភាព វិស័យទេសចរណ៍កម្ពុជាបានបន្តទទួលនូវផ្លែផ្កា និងការអភិវឌ្ឍ គួរជាទីមោទនៈ នូវភាពសម្បូរបែបនៃធនធានវប្បធម៌ នៅតាមតំបន់ជាប់ដងទន្លេ ជាពិសេសការផ្តល់នូវភាពកក់ក្តៅពីប្រជាជនខ្មែរគ្រប់រូប បានរួមចំណែកបង្កើនឧត្តមភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជាតិ ជាពិសេសអន្តរជាតិរាប់ម៉ឺននាក់ចូលមកទស្សនាកម្សាន្តក្នុងមួយឆ្នាំៗ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកដំបូងនៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាលនេះ គណៈកម្មាធិការអន្តរក្រសួងបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍យ៉ាងច្រើនសម្បូរបែប ដើម្បីទទួលស្វាគមន៍ទេសចរចូលមកកម្សាន្ត ក្នុងខេត្តសៀមរាប។

សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការ “ បុណ្យទន្លេ លើកទី ៨ នេះថា៖ ប្រធានបទនៃពិធីបុណ្យទន្លេនៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់ទន្លេ ទៅនឹងសន្តិភាព និងការអភិវឌ្ឍ។

សម្តេចមហាបវរធិបតីមានប្រសាសន៍បន្តទៀតថា៖ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមបង្ហូរឈាមដ៏រុំារ៉ៃអស់រយៈពេលរាប់ទសវត្សរ៍មកហើយៗ ក្រោមការដឹកនាំដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បានដឹកនាំកសាងរហូតកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលពុំធ្លាប់មានក្នុងរយៈពេលជាង៥រយឆ្នាំមកនេះ។ ជាមួយការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយ។

តាមរបាយកាណ៍ក្រសួងទេសចរណ៍ ពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប សរុប រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមីនាឆ្នាំ២០២៤ មានចំនួនទេសចរប្រមាណជាង៤៥៧ពាន់នាក់ ( ៤៥៧.៥៥១ ) ក្នុងនោះទេសចរជាតិ ប្រមាណ ៤៣៥ពាន់នាក់(៤៣៥.០០០) និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ២២៣ពាន់នាក់ (២២៣.០០០) ។ ទេសចរបរទេស ប្រមាណ២២.៥២៧ នាក់។

សូមជម្រាបថា៖ ពិធីបុណ្យទន្លេ ធ្វើឡើងដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព។ ពិធីបុណ្យនេះ មានការផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានធម្មជាតិតាមដងទន្លេ រួមទាំងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

មកដល់ឆ្នាំ២០២៤នេះ កម្ពុជាបានប្រារព្ធធ្វើពិធីបុណ្យទន្លេ ចំនួន៨លើកហើយ ដោយពិធីបុណ្យទន្លេលើកទី១ ធ្វើនៅទីរួមខេត្តក្រចេះលើកទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣ ខេត្តស្ទឹងត្រែង លើកទី៤ ខេត្តកណ្តាល លើកទី៥ ខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង លើកទី៧ ខេត្តកំពង់ធំ និងលើកទី៨នេះនៅក្នុងខេត្តសៀមរាប៕

អត្ថបទពាក់ព័ន្ធ