fbpx

ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីពង្រឹងវិសាលភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ

អត្ថបទដោយ ពិទូ
96 views

ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំង ឯកឧត្តម លោកជំទាវ សហការី នៃក្រសួងទាំងពីរ ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តមពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រោះនេះជាប្រវត្តិសាស្ត្រ ថ្មីមួយ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ហួត ហាក់ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

ឯកឧត្តមបន្ថែមថា ក្រសួងព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ដោយឡែកសម្រាប់ក្រសួងអធិការកិច្ច គឺជាតួអង្គដ៏សំខាន់បំផុត ក្នុងការបង្ក្រាប ក៏ដូចជាលុបបំបាត់អំពើពុករលួយក្នុងប្រទេស ។ ដូច្នេះហើយសម្រាប់ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្ងៃនេះ នឹងមានសារៈសំខាន់ខ្លាំងមិនត្រឹមតែរវាងក្រសួងទាំងពីរប៉ុណ្ណោះទេ ពោលគឺសម្រាប់សង្គមជាតិទាំងមូល ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា នៅក្នុងបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មាន ត្រូវបានប្រើនៅលើទម្រង់ឌីជីថល ដែលមានលក្ខណៈទំនើប ឆាប់រហ័ស និងមានវិសាលភាពធំទូលាយ ។ ហើយសម្រាប់ក្រសួងព័ត៌មាន មានបណ្ដាញផ្សព្វផ្សាយធំៗចំនួន៤ ដូចជាទូរទស្សន៍ជាតិកម្ពុជា(TVK), វិទ្យុជាតិកម្ពុជា(RNK) ,ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)និងកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តាមរយៈបណ្ដាញផ្សព្វផ្សាយទាំង៤ នៃក្រសួងព័ត៌មាន នឹងគាំទ្រដល់ក្រសួងអធិការកិច្ច ដើម្បីជួយផ្សព្វផ្សាយរាល់សព្រឹត្តិការណ៍ព័ត៌មាន និងកម្មភាពនានាដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ ។

ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាក្រសួងនានា ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពវិស័យព័ត៌មាន ក៏ដូចជាលុបបំបាត់នូវព័ត៌មានក្លែងក្លាយណាមួយដែលផ្សព្វផ្សាយមិនពិតធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈជាដើម ។

សូមជម្រាបជូនថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ និងធានាការទទួលបានព័ត៌មានពិត និងអាចជឿទុកចិត្តបាន ពីស្ថាប័នសាធារណៈដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ខណៈចំនួននៃព័ត៌មានក្លែងក្លាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងពិភពលោក ៕

អត្ថបទពាក់ព័ន្ធ