fbpx

សិង្ហបុរី វ៉ាដាច់ ថៃ និង វៀតណាម ស្រូបទាញយកភ្ញៀវទេសចរ ចិន យ៉ាងភ្លូកទឹកភ្លូកដី

អត្ថបទដោយ ពិទូ
99 views

ដោយសារគោលនយោបាយគ្មានទិដ្ឋាការ (Visa-free) និងកេរ្តិ៍ឈ្មោះទេសចរណ៍ដ៏ល្អ សិង្ហបុរីបានវ៉ាដាច់ប្រទេសជិតខាងដូចជាថៃ និងវៀតណាម ក្នុងការប្រណាំងក្នុងតំបន់ដើម្បី ស្រូបទាញយកភ្ញៀវទេសចរចិនមកកម្សាន្តក្នុងប្រទេសខ្លួន។ ភ្ញៀវទេសចរចិនជាង 327,000 នាក់បានមកដល់ប្រទេសសិង្ហបុរីក្នុងខែកុម្ភៈ ដែលឈានដល់ 96% នៃចំនួនមុនការរាតត្បាតកូវីដ ក្នុងឆ្នាំ 2019។ នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី។

យោងតាមអាជ្ញាធរទេសចរណ៍បានឱ្យដឹងថា ប្រទេសថៃបានទទួលភ្ញៀវទេសចរចិនជាង 600,000 នាក់កាលពីខែមុន ស្មើនឹង 60% នៃរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ខណៈដែលប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរពីប្រទេសចិនចំនួន 295,000 នាក់ ដែលចំនួននេះ គឺជិតពាក់កណ្តាល មុនការរាតត្បាតកូវីដ។ សិង្ហបុរី បានក្លាយជាប្រទេសចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ដែលបានទម្លាក់លក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ជាមួយនឹងការលើកលែងទិដ្ឋាការទៅវិញទៅមកដែលបានចូលជាធរមាននៅថ្ងៃទី 9 ខែកុម្ភៈ។

ប្រទេស​ថៃ និង​ ម៉ាឡេស៊ី​ បាន​លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ពី​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទីពីរ​របស់​ពិភពលោក​ (ចិន) កាលពី​ខែ​ធ្នូ​ឆ្នាំមុន។ ភ្ញៀវទេសចរចិន បានស្នាក់នៅជាមធ្យម 4 ថ្ងៃ។ នេះបើយោងតាមក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី៕

អត្ថបទពាក់ព័ន្ធ