fbpx

ទំនប់ទឹកគង្គា នៅតែជារមណីយ ដ្ឋានដ៏ទាក់ទាញ ដោយសារតែសម្រស់ធម្មជាតិអំណោយផល

អត្ថបទដោយ រាជ មេសា
167 views

ទំនប់ទឹកគង្គា នៅតែជារមណីយដ្ឋានដ៏ទាក់ទាញ ដោយ សារតែសម្រស់ធម្មជាតិអំណោយ ផល ពីទំនប់ទឹកដែលមានទឹកថ្លាឈ្វេងនៅរដូវវស្សា ហើយមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ផ្នែកកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកន្លែងកម្សាន្តដ៏មានប្រជាប្រិយភាពមួយថែមទៀតផង ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទំនប់ទឹកគង្គា ក្រៅពីមានប្រយោជន៍សម្រាប់រក្សាទឹកស្រោចស្រពដំណាំស្រូវ ទំនប់គង្គាក៏ជាកន្លែងងូតទឹក លេងកម្សាន្តមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាពិសេសនៅថ្ងៃបុណ្យឈប់ សម្រាករបស់ជាតិ ។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា ទំនប់ទឹកគង្គាគឺជាតំបន់មួយដែលមានភាពទាក់ទាញប្រចាំខេត្ត ដោយសារទីនោះ ភ្ញៀវទេសចរ ងូត ទឹកលេងកម្សាន្ត និងពិសាអាហារឆ្ងាញ់ៗ ដែលជាស្នាដៃរបស់បងប្អូនប្រជាជននៅទីនោះ ដូចជាមាន់ដុតស្រុកស្រែ ប្រហុកដុត និងត្រីដុតជាដើម។ បន្ថែមពីនោះទៀត នៅតាមដងទំនប់គឺមានដើមត្នោតដុះជាជួរតាមមាត់ច្រាំង ដែលជាម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរអង្គុយ លេងកម្សាន្ត។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្តទៀតថា ទំនប់ទឹកគង្គាជាទំនប់ ទឹកដែលបានសាងសង់ដោយ ក្រសួងធនធានទឹក ដើម្បីស្តុកទឹកទុកសម្រាប់ស្រោចស្រពស្រែរបស់ប្រជាពលរដ្ឋតំបន់នោះ ដែលទីនោះមានខ្យល់អាកាសបរិសុទ្ធ មានទេសភាពវាលស្រែ ដើមត្នោតពណ៌បែតងខ្ចី បង្អួតសម្រស់ឡើងលាយ ឡំជាមួយដងព្រឹក្សាព្រៃដុះរាយប៉ាយតាមមាត់ទំនប់ សណ្តូកខ្លួនវែងអន្លាយនោះ ក៏បានធ្វើឱ្យអ្នកដែលបានមកដល់ទីនេះមានអារម្មណ៍ស្រស់ស្រាយ ដែលជាចំណុចអាចទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ទំនប់ទឹកគង្គានារដូវប្រាំង គឺមានលក្ខណៈដែលរីងស្ងួត ដែលមិនអំណោយផលសម្រាប់ការងូតទឹកលេងកម្សាន្តនោះទេ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរអាចទៅអង្គុយពិសាអាហារនិងគយគន់ទេសភាពបានផងដែរ។

« នៅក្នុងរដូវប្រាំងឆ្នាំនេះវាក្តៅហើយទឹកមានលក្ខណៈរីងស្ងួតដូច្នេះមិនសូវមានការទៅកម្សាន្តទេប៉ុន្តែភ្ញៀវទេសចរអាចទៅលម្ហែកម្សាន្តក្រោមម្លប់ដើមត្នោត និងរោងលម្ហែដែលសហគមន៍បានសង់សម្រាប់ទុកទទួលភ្ញៀវអង្គុយនោះ ហើយនឹងទស្សនាទេសភាពដែលនៅជុំវិញខ្លួន គឺបានល្អ។

ការមុជទឹកក្នុងស្ទឹងឬទំនប់នោះមិនសូវមានទេនៅក្នុងរដូវប្រាំងនេះ បើក្នុងលក្ខណៈរដូវវស្សាពិសេសរដូវក្នុងពេលបុណ្យភ្ជុំបិណ្ឌគឺតំបន់ទំនប់បង្ហៀរទ្វារទឹកគង្គានេះគឺមានការទាក់ទាញខ្លាំង»។

គួរជម្រាបថា ទំនប់ទឹកគង្គា គឺជាប្រព័ន្ធធារាសាស្រ្តមួយ ដែលរាជរដ្ឋាភិបាលបានជួសជុលកែលម្អ សម្រាប់រក្សាទឹកស្រោចស្រពដំណាំ ស្រូវរបស់ប្រជាពលរដ្ឋ។ ទំនប់មួយនេះមាន ទីតាំង ស្ថិត ក្នុង ភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ១០៥ គីឡូម៉ែត្រពី រាជធានីភ្នំពេញនិងមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង៕

អត្ថបទពាក់ព័ន្ធ