TikTok បានសន្យាថានឹងមានការតវ៉ាក្តី នៅតុលាការជុំវិញច្បាប់ថ្មីដែលគំរាមហាមឃាត់ និងអាចឈានទៅដល់ការ Ban ទាំងស្រុងតែម្តងនៅសហរដ្ឋអាមេរិក ដោយ CEO របស់ TikTok និយាយថា “យើងមិនទៅណាទេ”។
ប្រធានាធិបតី Joe Biden បានអនុម័តច្បាប់ដែលចែងថា កម្មវិធី TikTok នេះនឹងត្រូវបានរារាំង ប្រសិនបើម្ចាស់ក្រុមហ៊ុនចិនរបស់ខ្លួនគឺ ByteDance មិនលក់វាក្នុងរយៈពេលប្រាំបួនខែ។
អ្នកនយោបាយអាមេរិកព្រួយបារម្ភថាក្រុមហ៊ុន TikTok អាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន បើទោះបីជាមានការធានាម្តងហើយម្តងទៀតពី TikTok ថានឹងមិនមានរឿងបែបនេះកើតឡើងក៏ដោយ។
នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បាននិយាយថា “សូមប្រាកដថា ពួកយើងនឹងមិនទៅណាទេ។ ការពិត និងរដ្ឋធម្មនុញ្ញគឺនៅខាងយើង ហើយយើងរំពឹងថានឹងអាចយកឈ្នះម្តងទៀត” ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានបន្ថែមថា “ច្បាប់ នេះគឺជាការចង់ហាមឃាត់ TikTok ហើយយើងនឹងប្តឹងតវ៉ានៅតុលាការ។ យើងជឿជាក់ថា អង្គហេតុ និងច្បាប់គឺច្បាស់នៅខាងយើង ហើយយើងនឹងឈ្នះនៅទីបំផុត”៕