យោងតាមអគ្គនាយកដ្ឋានពន្ធដារ របស់វៀតណាម បានឱ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាបរទេសរួមមាន Google, Facebook និង TikTok បានបង់ពន្ធចំនួន 575 លានដុល្លារអាមេរិក ចូលរដ្ឋ។
ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដាររបស់ប្រទេសនេះ បង្ហាញថា បច្ចុប្បន្នអ្នកផ្តល់សេវាបរទេសចំនួន 94 ត្រូវបានចុះឈ្មោះដើម្បីបង់ពន្ធ ហើយចំនួនពន្ធកើនឡើងចាប់ពីខែមីនា ឆ្នាំ 2022 នៅពេលដែល វិបផតថល អេឡិចត្រូនិច (electronic portal) សម្រាប់អ្នកផ្តល់សេវាបរទេសបានដំណើរការ។
បញ្ជីនៃអ្នកផ្តល់សេវាបរទេសដែលបានប្រកាស និងបង់ពន្ធរួមមាន Google, Meta, Microsoft, TikTok, Netflix និង Apple ។
អាជ្ញាធរវៀតណាម កំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែងជាច្រើនប្រភេទ ដើម្បីបង្កើនការគ្រប់គ្រងពន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក និងឆ្លងដែន។ លើសពីនេះ ភ្នាក់ងារពន្ធដារកំពុងបន្តពិនិត្យ សវនកម្ម ត្រួតពិនិត្យ និងដោះស្រាយការរំលោភបំពានដែលមិនគោរពតាមបទប្បញ្ញត្តិ៕