ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងភៅចំនួន៥ខេត្ដនៅតំបន់ឦសាន្ដប្រទេស បានចងក្រងសៀវភៅកំណត់មុខម្ហូប សម្រាប់សំគាល់ខេត្ដរបស់ខ្លួន។ ការចងក្រងសៀវភៅមុខម្ហូបនេះ បន្ទាប់ពីពួកគាត់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ដែលធ្វើឡើងនៅភូមិវាល សង្កាត់ជ្រាវ ខេត្ដសៀមរាប។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះថា គម្រោងហូកា ដែលបានបណ្ដុះបណ្ដាលជំនាញចុងភៅកំណត់មុខម្ហូបប្រចាំខេត្ដនេះមានចំនួន១២ខេត្ដ ប៉ុន្ដែគម្រោងនេះ បានអនុវត្ដចំនួន៥ខេត្ដនៅតំបន់ឦសាន្ដ។ខេត្ដទាំង៥នេះ រួមមាន ខេត្ដព្រះវិហារ ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដមណ្ឌលគីរិ និងរតនគីរី ដោយចំនួន៥ខេត្ដនេះ មានមុខម្ហូប សម្រាប់សំគាល់តំបន់របស់ខ្លួន ដោយបានចងក្រងជាសៀវភៅនូវរូបមន្ដដើម និងមានភាពច្បាស់លាស់ ដើម្បីឱ្យមុខម្ហូបនេះមានស្ដង់ដា សម្រាប់សំគាល់ខេត្ដ។ លោកបន្ដថា បើទោះបីមុខម្ហូបនិមួយៗត្រូវមាននៅតាមបណ្ដាខេត្ដផ្សេងក៏ដោយ ក៏ខេត្ដទាំង៥នោះ ត្រូវកំណត់ឱ្យបានច្បាស់លាស់ចំនួន ២០មុខម្ហូប។ មុខម្ហូបនៅខេត្ដទាំង៥ ដូចជា ខេត្ដព្រះវិហារ មានមុខម្ហូបអង្ក្រងខាំគោ ខេត្ដក្រចេះ មានមុខម្ហូបភ្លាត្រីក្រូចថ្លុង ខេត្ដមណ្ឌលគិរី មានមុខម្ហូបបុកគល់ស្លឹកគ្រៃ ខេត្ដស្ទឹងត្រែងមានមុខម្ហូបយ៉ាវហន ភ្លាជ្រលក់ត្រីក្អែក ខេត្ដរតនគិរី មានមុខម្ហូបសម្លព្រោងបំពង់ឫស្សីជាដើម។ លោកបន្ដថា មុខម្ហូបនិមួយៗដែលគម្រោងហូកាបណ្ដុះបណ្ដាលចុងភៅជំនាញ នៅតាមបណ្ដាខេត្ដ ពិតជាមានប្រចាំនៅក្នុងខេត្ដព្រោះថា នៅពេលបណ្ដុះបណ្ដាលមានម្ចាស់អាជីវកម្មនៅជាមួយផ្ទាល់។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍គាំទ្រចំពោះការចងក្រងសៀវភៅកំណត់មុខម្ហូប សម្រាប់សំគាល់មុខម្ហូបប្រចាំខេត្ដនៅភូមិភាគឦសាន្ដ។លោកបន្ដថា ខេត្ដគោលដៅទាំងត្រូវកំណត់ឱ្យបានច្បាស់លាស់ ទាំងទីតាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីងាយស្រួលការរៀបចំកម្មវិធីដើរកម្សាន្ដរបស់អ្នកទេសចរ និងអាជ្ញាធរខេត្ដចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរនៃខេត្ដទាំង៥នោះ។ ជាមួយគ្នានេះ លោកក៍សម្ដែងការស្វាគមន៍ចំពោះសិក្ខាកាមដែលបានបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញរបស់ខ្លួននៅក្នុងខេត្ដសៀមរាប។
លោក គង់ ដារា ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញSDP មាប្រសាសន៍ថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសជំនាញចុងភៅនេះ ជាការជួយពង្រឹងសមត្ថភាព និងការលើកស្ទួយដល់វិស័យម្ហូបអាហារនៅកម្ពុជា ដែលផ្តោតលើ វិធីសាស្ត្របង្រៀន ដែលជួយអោយសិក្ខាកាម ងាយយល់ និងទទួលបាននូវចំណេះដឹង ជំនាញនិងចំណេញពេលវេលា ខណៈដែលមេចុងភៅទាំង៥ ខេត្ដក្នុងតំបន់ភូមិភាគឦសាន្ដនោះ មានចំណេះដឹង និងជំនាញពិតប្រាកដទាំងម្ហូបខ្មែរនិងម្ហូបបរទេស។ ការបណ្ដោះបណ្ដាលជំនាញនេះ អនុវត្ដដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០ – ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ involas និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្តគោលដៅចំនួន១០ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន។ សកម្មភាពរបស់កម្មវិធី SDP ត្រូវបានកិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យបដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕