fbpx

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក

អត្ថបទដោយ រាជ មេសា
99 views

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះធនាគារពិភពលោក ដែលយល់ពីយុទ្ធសាស្ត្រ និងចំណុចគន្លឹះនៃសហគមន៍កសិកម្មទំនើប និងកម្មវិធីផ្សព្វផ្សាយរបស់ក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនិងក្រសួង គឺជំរុញការចងក្រងសហគមន៍កសិកម្មទំនើប តាមរយៈការពង្រឹងកសិករឱ្យរឹងមាំ ការគ្រប់គ្រងដីកសិកម្មនិងផលិតកម្ម ការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយ ការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីកសិករទទួលបានផលចំណេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងមានចំណាប់អារម្មណ៍ចំពោះគម្រោងកាបូនទាប ដែលដាក់បញ្ចូលផលិតកម្មស្រូវជាមួយវិស័យព្រៃឈើ ក្នុងកម្មវិធីរបស់សហគមន៍កសិកម្មទំនើប និងការលើកកម្ពស់វិស័យកៅស៊ូឱ្យមានភាពប្រសើរឡើង ទទួលបានតម្លៃបន្ថែមខ្ពស់ ដើម្បីបង្កើនចំណូលដល់កសិករ៕

អត្ថបទពាក់ព័ន្ធ