fbpx

សិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ »

អត្ថបទដោយ រាជ មេសា
114 views

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ (CASFor) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតប្រទេសស្វីស លោកស្រី Rebekah BELL តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) លោក Markus Bürli នាយកប្រចាំការិយាល័យសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រទេសស្វីសប្រចាំកម្ពុជា លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សាកលវិទ្យាល័យ អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅ និងតំណាងសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សរុបប្រមាណ៩០រូប នៅទីក្រុងភ្នំពេញ ។

ការប្រកាសចាប់ផ្តើមដាក់ឱ្យអនុវត្តជាផ្លូវការ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព កសាងភាពធន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងចូលរួមលើកកម្ពស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ឯកឧត្តម ចាន់ ចេស្តា បានមានប្រសាសន៍ថា «ការប្រែប្រួលអាកាសធាតុ បានកំពុងប៉ះពាល់ដល់គ្រប់វិស័យ ដែលក្នុងនោះវិស័យកសិកម្ម ជាវិស័យងាយរងគ្រោះជាងគេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តោតការយកចិត្តទុកដាក់ចំពោះកសិករ និងប្រព័ន្ធកសិកម្មទំនើប ជាពិសេសប្រជាសហគមន៍ដែលមាន ជីវភាពពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង»។

ឯកឧត្តម បានបន្តថាគម្រោង (CASFor) គឺបានបាញ់ឆ្ពោះទៅដល់គោលដៅសេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជាកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងកម្រិតជាតិ និងអន្តរជាតិ ដែលជាការប្តេជ្ញាក្នុងផែនការរួមចំណែករបស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុសម្រាប់កម្ពុជា និយាយដោយឡែក និងពិភពលោក និយាយជារួម។

សូមបញ្ជាក់ថា គម្រោង CASFor គឺជាគម្រោងគាំទ្រដោយ រដ្ឋាភិបាលនៃប្រទេសស្វីស និងជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(FAO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) អង្គការWCS និងអង្គការរីខូហ្វ។

គម្រោងនេះអនុវត្តនៅក្នុងសហគមន៍មូលដ្ឋាន ដែលមានអ្នកទទួលបានអត្ថប្រយោជន៍ ប្រហែល ៨៦ ០០០នាក់ នៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ គម្រោងនេះ បានចាប់ផ្តើមអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់ ខែធ្នូ ឆ្នាំ២០២៧៕

អត្ថបទពាក់ព័ន្ធ