fbpx

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុមឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

អត្ថបទដោយ រាជ មេសា
94 views

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុមឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ពិធីបុណ្យនេះមានការយាងនិមន្ត និងអញ្ជើញចូលរួមពីមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះថេរានុត្ថេរៈ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងលោកតា លោកយាយ អ៊ំ ពូ មីង បង លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត។


ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះព្រះវជិរប្បញ្ញោ ពេជ្រ សុវណ្ណ ចៅអធិការវត្តសុខារាម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលទាំងនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជា។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ជូនទៅដល់កម្មវិធី អំពីការផ្តល់ឱកាសរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្នុងការក្លាយខ្លួនជាមន្ត្រីរាជការ ស្មើៗគ្នា ថា “នៅពេលនេះក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ តាមនិយាមនីតិវិធីប្រតិបត្តិ ដ៏ល្អមួយ ដែលធានាដល់ការប្រឡងប្រជែង ប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ហើយប្អូនដែលបានរៀនចប់ ហើយមានបំណងចង់ក្លាយជាមន្ត្រីរាជការ អាចប្រឡងប្រជែង ការផ្តល់ឱកាសឱ្យប្អូនៗ អាចចូលរួមប្រឡងប្រជែងជាបន្តបន្ទាប់ តាមរយៈការរៀបចំការប្រឡងរបស់ក្រសួងមុខងារសាធារណៈ បាន”។ ទន្ទឹមនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា “កាលពីម្សិលមិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ បានបញ្ចប់ ហើយព្រឹកនេះ សន្លឹកកិច្ចការបេក្ខជន ស្ថិតក្នុងដំណាក់កាលកែ”។


សូមជម្រាបជូនថា វត្តសុខារាម បានកសាងឡើងតាំងពីឆ្នាំ១៩៦០ បើគិតមកដល់ពេលនេះមានអាយុកាល ៦៤ឆ្នាំហើយ។ សមិទ្ធផលទាំងឡាយដែលធ្វើការសម្ពោធនាពេលនេះ រួមមាន ក្លោងទ្វាចំនួន១ សាលាបុណ្យទំហំ ២៣ម៉ែត្រx៩ម៉ែត្រ កម្ពស់៦,៥ម៉ែត្រ, បន្ទប់ទឹក១ខ្នង ៥បន្ទប់, កន្លែងដាក់ស៊ីទែនទឹកទំហំ៤ម៉ែត្រx៤ម៉ែត្រ កម្ពស់៦ម៉ែត្រ, អណ្តូងទឹក១ជម្រៅ ៣៥ម៉ែត្រ, របងវត្តប្រវែង ៤៨៦ម៉ែត្រ, កុដិ១ខ្នង ៣បន្ទប់, រោងទទួលភ្ញៀវ ជាដើម ។ល។ ដែលសមិទ្ធផលទាំងអស់នេះចំណាយទឹកប្រាក់សរុបអស់ ៥០៤,៥១៨ (ប្រាំរយបួនពាន់ ប្រាំរយដប់ប្រាំបី) ដុល្លារអាមេរិក៕

អត្ថបទពាក់ព័ន្ធ