(ទីក្រុងបាងកក ថៃ)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋាពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយបណ្តាភាគីជាដៃគូសន្ទនាអាស៊ាន រួមមាន៖
១. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី៤៥
២. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុងនៃប្រទេសចិន លើកទី១២
៣. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី១/២៩
៤. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៩
៥. កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១៩។
កិច្ចពិគ្រោះយោបល់ទាំងនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន៖ វឌ្ឍនភាពនៃការអនុវត្តនិងការចរចាបង្កើត/ដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារដែលមានស្រាប់និងការពិភាក្សាលើកម្មវិធីការងារថ្មី ផែនការការងារឆ្នាំ២០២៤ និងការត្រៀមសមិទ្ធិផលសេដ្ឋកិច្ចសម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន។