fbpx

ក្រសួងមុខងារសាធារណៈពិនិត្យលើការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យព្រះអង្គឌួង

អត្ថបទដោយ រាជ មេសា
101 views

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យព្រះអង្គឌួង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់ឯកឧត្តមតំណាងក្រសួងសុខាភិបាល ពីស្ថានភាពរួមនៅក្នុងសេចក្តីព្រាងរួចមក អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ទៅលើចំណុចសំខាន់ៗរួមមាន៖ ១) ការពិនិត្យអនុលោមភាពនៃសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពេទ្យព្រះអង្គឌួង ២) កំណត់កែសម្រួលមុខងារ ភារកិច្ច និងខ្លឹមសារនៅក្នុងសេចក្តីព្រាងតាមប្រការនីមួយៗ។

ជាចុងបញ្ចប់អង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍លើសំណើ និងសេចក្តីព្រាងដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះនាយកដ្ឋាននីតិកម្មក្រសួងមុខងារសាធារណៈ និងស្ថាប័នទាំងពីរនឹងបន្តសហការជាបន្តបន្ទាប់លើការកែសម្រួលខ្លឹមសារ និងឃ្លាឃ្លោងនានា ដើម្បីកំណត់ស្តង់ដារួម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

អត្ថបទពាក់ព័ន្ធ