នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីចូលរួមប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ចំនូួន៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីលេខ១ លេខ២ និងលេខ៣ សម្រាប់អ្នកកែច្នៃស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ មានចំនួនសរុប៨ រួមមាន ក្រុមហ៊ុនសានតាណា អាហ្រ្គោ ប្រដាក់ ឯ.កទទួលបានពានកិត្តិយសលេខ១ ក្រុមហ៊ុន Mirarth Agri Tech Co.Ltd លេខ២ និងសហគ្រាសកម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក ទទួលបានពានកិត្តិយសលេខ៣។
ចំណែក ជ័យលាភីសម្រាប់អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ ២០២៤ មានចំនួន២ រួមមាន សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក ទទួលបានជ័យលាភីលេខ១ និងសហគ្រាស វេហាស៍ ជូស៍ ឯ.ក ទទួលបានជ័យលាភីលេខ២។ រីឯជ័យលាភីសម្រាប់អ្នកកែច្នៃស្វាយចន្ទីឆ្នើម ២០២៤ រួមមាន សិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ទទួលបានជ័យលាភីលេខ១ សហគ្រាស ៣កូអេកូ ទទួលបានជ័យលាភីលេខ២ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ទទួលបានជ័យលាភីលេខ៣។
ក្នុងឱកាសបិទ «កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ឯកឧត្តម អ៊ួង កុសល មានប្រសាសន៍ថា ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានបង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រកួតប្រជែង ដោយបានជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទីជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អ្នកកែច្នៃ សិប្បកម្ម រោងចក្រ សហគ្រាសកែច្នៃទាំងអស់ ដែលមិនបានជាប់ជ័យលាភី កុំមានការអាក់អន់ចិត្ត តែសូមខិតខំប្រឹងប្រែងបន្ថែមទៀត។ ស្របជាមួយគ្នានេះដែរ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាអង្គភាពជំនាញទទួលបន្ទុក នឹងខិតខំប្រឹងប្រែងក្នុងការសហការសម្របសម្រួលផ្នែកបច្ចេកទេសទៅតាមតម្រូវការជាក់ស្តែង។
គួររំលឹកថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេស ការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ កម្មវិធីនេះ បានចាប់ផ្តើមនៅថ្ងៃទី០៩ ខែឧសភា រហូតដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រឡងចំនួនសរុប២០សិប្បករ៕