131
(រដ្ឋធានីរៀងចន្ទន៍, ឡាវ) ៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋធានីរៀងចន្ទន៍ ប្រទេសឡាវ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានចូលរួមកិច្ចប្រជុំក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការស្នើសុំជាសមាជិកភាពអាស៊ានរបស់ប្រទេសទីម័រខាងកើតលើកទី១៧ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ចូលជាសមាជិកភាពអាស៊ានពេញលេញរបស់ទីម័រខាងកើត (២) ការចូលរួមរបស់ទីម័រខាងកើតក្នុងកិច្ចប្រជុំ និងសកម្មភាពនានាក្នុងក្របខណ្ឌអាស៊ាន និង (៣) ការកសាងសមត្ថភាពសម្រាប់ទីម័រខាងកើត។