ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការធ្វើរបាយការណ៍ពីក្រុមការងារបច្ចេកទេស រួមជាមួយការពិភាក្សាពីទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡងប្រជែង ប្រព្រឹត្តទៅកាន់តែល្អប្រសើរស្របតាមនិយាមដែលបានដាក់ចេញ និងស្របតាមគោលការណ៍ដែលធ្លាប់បានអនុវត្តកន្លងមក។ ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១នាក់ ឬស្មើរបីដងនៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុងក្រោយ (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់ការប្រឡងលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជនចេញពីបេក្ខជនដែលមានសិទ្ធិប្រឡងចំនួនសរុប ៣៨,១៦៨នាក់ ។
តាមការគ្រោងទុក អង្គប្រជុំបានកំណត់កាលបរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ តាមមណ្ឌលប្រឡងផ្សេងៗគ្នា។ សម្រាប់ព័ត៌មានផ្លូវការបន្ថែម សូមតាមដានការជូនដំណឹងជាបន្តបន្ទាប់ លើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh
២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31