fbpx

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង និងរុយសរ លើដំណាំស្រូវប្រជាកសិករ នៅក្នុងខេត្តតាកែវ

អត្ថបទដោយ រាជ មេសា
113 views

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផល នៃការអន្តរាគមន៍បាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូង និងរុយសរ បង្ហាញប្រជាកសិករ នៅស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងសហការី រួមទាំងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន សហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងក្នុងគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងរុយស នឹងណែនាំដល់ប្រជាកសិករដែលចូលរួមអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងវិធានការការពារនិងកម្ចាត់ដង្កូវហ្វូង និងរុយស ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនិងរុយស នៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូង និងរុយស នោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេលដ៏ខ្លី។

ឯកឧត្តមបន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវ និងរុយស បំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវហ្វូង និងរុយស នោះផងដែរ៕

អត្ថបទពាក់ព័ន្ធ