fbpx

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោង ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

អត្ថបទដោយ រាជ មេសា
112 views

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេស្តៅកោង ស្ថិតនៅ​ឃុំ​ស្តៅកោង​ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សូមជម្រាបថា គម្រោងស្តារប្រឡាយមេស្តៅកោងគ្របដណ្ដប់លើឃុំចំនួន២ នៃស្រុកបាភ្នំ ខេត្តព្រៃវែង។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ១)ស្តារប្រឡាយមេប្រវែង ៤៦៥០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង។

បើតាមលោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេស្តៅកោង សម្រេចបានប្រមាណ ៤៥%។ ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។

ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២០គ្រួសារ៕

អត្ថបទពាក់ព័ន្ធ