fbpx

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថល (Digital Startup Mentors Training Program)

អត្ថបទដោយ រាជ មេសា
85 views

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសហការជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) រៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថល (Digital Startup Mentors Training Program) ជាច្រើនវគ្គ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលនៅប្រទេសកម្ពុជា ដោយមានការគាំទ្រពី ក.ប.ទ.។ សូមបញ្ជាក់ថា មជ្ឈមណ្ឌល Block71 គឺជាមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី ដែលមានបទពិសោធន៍ច្រើនឆ្នាំនិងទទួលបានជោគជ័យបំផុតក្នុងការជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលក្នុងតំបន់និងអន្តរជាតិ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) នៅឆ្នាំ២០១១។

ក.ប.ទ. បានជ្រើសរើសបានបេក្ខជនចំនួន ៣០ រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីក្លាយជាគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថលបង្គោល របស់ ក.ប.ទ.។

ក.ប.ទ. នឹងបន្តជ្រើសរើសបេក្ខជននិងរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មីឌីជីថលជាបន្តបន្ទាប់ទៀត ដើម្បីផ្តល់ឱកាសដល់សាធារណជនដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាគ្រូបង្វឹកធុរកិច្ចថ្មី និងជាបេក្ខភាពដែលមានគុណវុឌ្ឍិមូលដ្ឋានស្របតាមលក្ខខណ្ឌកំណត់ ឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មី សំដៅបង្កើនចំនួនគ្រូបង្វឹកដែលមានគុណវុឌ្ឍិក្នុងការជួយដល់ការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា។ ចំពោះកាលបរិច្ឆេទ នៃការជ្រើសរើសបេក្ខភាពនិងការរៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកធុរកិច្ចថ្មី វគ្គទី២ ក.ប.ទ. នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ ក.ប.ទ. នៅពេលខាងមុខ។

អត្ថបទពាក់ព័ន្ធ