fbpx

ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវដែលរងផលប៉ះពាល់ពី «រុយស» ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

អត្ថបទដោយ រាជ មេសា
112 views

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃដំណាំស្រូវដែលរងផលប៉ះពាល់ពី «រុយស» ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីឯកឧត្ដម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ មន្ទីរកសិកម្មខេត្ត តំណាងអគ្គនាយកដ្ឋានកសិកម្ម អភិបាលស្រុកអូររាំងឪ និងប្រជាកសិករ។

យោងតាមការចុះពិនិត្យជាក់ស្ដែង ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានការរាតត្បាតពី «រុយស» ដែលជាសត្វល្អិតចង្រៃបំផ្លាញដំណាំគ្រប់ប្រភេទ ហើយដំណាំដែលរងការបំផ្លាញពី «រុយស» ធ្វើឱ្យស្លឹកប្រែជាពណ៌លឿង និងរួញ។ ឯកឧត្តមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ដំណាំស្រូវដែលរងផលប៉ះពាល់ក្នុងខេត្តត្បូងឃ្មុំ មានផ្ទៃដីប្រមាណជាង ៩៣៧ហិកតា ក្នុងនោះ ឃុំគងជ័យ១៨៨ហិកតា ទួលសុភី ១៣៨ហិកតា ចក ៣៨៥ហិកតា និងឃុំដំរិល ២២៦ហិកតា។

ជាមួយគ្នានេះ មន្រ្តីជំនាញកសិកម្មខេត្ត និងតំណាងអគ្គនាយកដ្ឋានកសិកម្ម បានបន្តផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ជាបន្តបន្ទាប់ និងបានផ្ដល់ថ្នាំកសិកម្មសម្រាប់កម្ចាត់ «រុយស» ជូនប្រជាកសិករតាមបណ្ដាឃុំដែលកំពុងរងផលប៉ះពាល់ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់រដ្ឋបាលស្រុក មន្ត្រីកសិកម្មឃុំ មេភូមិ ប្រជាកសិករដែលមកចូលរួម ត្រូវជួយផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តកម្ចាត់ «រុយស» ឱ្យបានព្រមៗគ្នា ហើយតំបន់ណាធ្វេសប្រហែសមិនបានអនុវត្តវិធានការការពារទប់ស្កាត់នោះ គឺមិនអាចកម្ចាត់ការបំផ្លាញពី «រុយស» បានទេ។ ប្រសិនបើមានករណីជួបប្រទះបញ្ហាណាមួយក្នុងវិស័យកសិកម្ម ប្រជាកសិករត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ត្រីកសិកម្មឃុំនីមួយៗ ដើម្បីជួយអន្តរាគមន៍ដោះស្រាយបញ្ហាទាំងនោះជូនប្រជាកសិករឱ្យបានទាន់ពេលវេលា៕

អត្ថបទពាក់ព័ន្ធ