fbpx

ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ដាន ចូលដល់ថ្ងៃទី៤ហើយ ប៉ុន្តែពុំទាន់រកឃើញនៅឡើយ ដោយសារតែតំបន់នោះមានភាពស្មុគស្មាញ អាកាសធាតុមិនល្អ និងព្រៃក្រាស់

អត្ថបទដោយ រាជ មេសា
132 views

“ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Z9 និងមានមនុស្សពីរនាក់នៅក្នុងនោះ ហើយដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ បានចូលដល់ថ្ងៃទី៤ហើយ ប៉ុន្តែពុំទាន់រកឃើញនៅឡើយដោយសារតែតំបន់នោះមានភាពស្មុគស្មាញ អាកាសធាតុមិនល្អ និងព្រៃក្រាស់” នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅលើបណ្តាញផ្សព្វផ្សាយសង្គម នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា៖ “គិតត្រឹមថ្ងៃនេះ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ចូលដល់ថ្ងៃទី៤ហើយ ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន”។

ឯកឧត្តម បានបន្ថែមទៀតថា ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹងនេះ មិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។
ប៉ុន្តែទោះជាយ៉ាងនេះក្តី កងកម្លាំងទាំងអស់នៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការចែកចាយដំណឹងណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹងឧត្ថម្ភាគចក្រនេះ ខណៈដែលនាថ្មីៗនេះ មានក្រុមទុច្ចរិតមួយចំនួន បានយកករណីនេះទៅបំភ្លៃ និងប្រឌិតខុសពីការពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទពាក់ព័ន្ធ