fbpx

ឯកឧត្តម ចាយ បូរិន ៖ ខេត្តសៀមរាបជាខេត្តមានសក្តានុពលនៅក្នុងការអភិរក្សវិស័យទេសចរណ៍សាសនា 

អត្ថបទដោយ រាជ មេសា
99 views

ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមានសក្តានុពលក្នុងការអភិរក្សវិស័យទេសចរណ៍សាសនាក្នុងដែនដីសម្បត្តិវប្បធម៌មនុស្សជាតិ ដែលពោរពេញដោយអរិយធម៌ វប្បធម៌ និងបេតិកភណ្ឌ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អភិបាលរង ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវឌ្ឍនភាពការងាររបស់មន្ទីរក្នុងការអនុវត្តកន្លងមក និងជូនអំពីស្ថានភាពសាសនាចំនួន៥ ដែលកំពុងធ្វើសកម្មភាពនៅទូទាំងខេត្ត សៀមរាប  រួមមាន ព្រះពុទ្ធសាសនា៩៨.៨៥% ឥស្លាមសាសនា០.៥៦%  គ្រិស្តសាសនា ០.៥៥% ព្រះពុទ្ធសាសនាមហាយាន និងសាសនាបាហៃ មានចំនួនតិចតួច  និងបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន និងគោរពស្នើរសុំឯកឧត្តមរដ្ឋមន្រ្តីអំពីកង្វះមន្ត្រីក្របខ័ណ្ឌគ្រូបង្រៀនគ្រប់កម្រិត បានក្លាយជាបញ្ហាប្រឈម ជាប្រចាំសម្រាប់វិស័យពុទ្ធិកសិក្សា។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តបតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់ និងគិតគូរប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់បណ្តាក្រសួងទាំងអស់ឲ្យ យកចិត្តទុកដាក់លើសុខទុក្ខមន្រ្តីរាជការរបស់ខ្លួនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ 

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា ស្តាប់ពីបញ្ហាប្រឈមចំនួនៗ និងសំនូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរខេត្តនីមួយៗ។ កម្ពុជាមានសិទ្ធសេរីភាពពេញលេញ និងសុខដុមនីយកម្មខាងជំនឿសាសនា ដោយស្ថិតក្រោមច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ គ្រប់គ្រង និងយកចិត្តទុកដាក់លើបង្រួបបង្រួមគ្រប់សាសនាទាំងអស់នៅកម្ពុជា ឲ្យមានសុខដុមនីយកម្មសាសនា ។ 

ដោយឡែកខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏មានសក្តានុពល ដែលបង្ហាញអរិយធម៌ វប្បធម៌ និងសាសនា ដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវយកចិត្តទុក្ខដាក់លើមន្ត្រីខ្លួន ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សទេសចរណ៍សាសនាឱ្យល្អប្រសើរ សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលយើងឱ្យកាន់តែរីកចម្រើនបន្ថែមបន្តទៀត៕

អត្ថបទពាក់ព័ន្ធ