នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញចុះទៅស្រុកចំនួន៣ ក្នុងខេត្តកំពត ដើម្បីពិនិត្យ ណែនាំ និងបង្ហាញដល់ប្រជាកសិករ អំពីការកម្ចាត់ដង្កូវហ្វូង និងដង្កូវមូរស្លឹក លើដំណាំស្រូវ នៅស្រុកចំនួន៣ នៃខេត្តកំពត ដោយមានការចូលរួមពីឯកឧត្តម ខាន់ សំបាន អនុរដ្ឋលេខាធិការ និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម ព្រមទាំងមន្ត្រីកសិកម្មឃុំ។
សូមជម្រាបថា នៅខេត្តកំពត មានស្រុកចំនួន៣ ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូង និងដង្កូវមូរស្លឹក ជាអាថិ៍ ស្រុកឈូក ស្រុកជុំគីរី និងស្រុកបន្ទាយមាស។ បើតាមឯកឧត្តម ចាន់ ចេស្ដា នៅក្នងចំណោមស្រុកទាំង៣នេះ នៅស្រុកឈូករងផលប៉ះពាល់ច្រើនជាងគេ ក្នុងទំហំផ្ទៃដីស្រែពង្រោះប្រមាណ ៦០០ ហិកតា។ ចំណែកស្រុកជុំគីរី ប៉ះពាល់ផ្ទៃដីស្រែពង្រោះទំហំប្រមាណ ១២ហិកតា។ រីឯស្រុកបន្ទាយមាស ដង្កូវមូរស្លឹកបំផ្លាញស្រែពង្រោះទំហំ ២,៥ហិតា។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានប្រគល់ថ្នាំកសិកម្ម និងសម្ភារៈសម្រាប់អន្តរាគមន៍ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ដើម្បីប្រើប្រាស់ទៅលើដីស្រែរងផលប៉ះពាល់នៅក្នុងស្រុកទាំង៣ ដោយបញ្ជាក់បន្ថែមថា តាមរយៈការចុះអន្តរាគមន៍ទាន់ពេល និងទឹកភ្លៀងដែលបង្អុរចុះ ស្រូវដែលរងការប៉ះពាល់ដោយដង្កូវទាំងអស់ អាចនឹងរងការខូចខាតធំដុំ ឬថមថយទិន្នផលនោះទេ៕