នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ អាកាសយានិកពីររូប លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលី ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងអំឡុង ពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទី បំផុតជាមួយក្រុមគ្រួសារអាកាសយានិកចំនួន ២រូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕