fbpx

ក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តរបស់ររាជរដ្ឋាភិបាលក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដើម្បីការពារមាតុភូមិកម្ពុជា

អត្ថបទដោយ រាជ មេសា
106 views

ក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងតាមការដឹកនាំចង្អុលបង្ហាញ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះការបង្កើនភាពបៃតង ដែលធ្វើឱ្យកម្ពុជាស្អាត ការរស់នៅប្រកបដោយភាពសុខដុមរមនា និងដោយចីរភាព ជាពិសេសធានាការពារសម្បត្តិធនធានធម្មជាតិ ក៏ដូចជាការពារមាតុភូមិកម្ពុជាឱ្យគង់វង្សរហូតទៅ។ នេះគឺជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យា នុរក្សនៃក្រសួងបរិស្ថាន ដែលបានខិតខំអស់ពីកម្លាំងកាយ, បញ្ញាស្មារតី ក្នុងបុព្វហេតុការពារបរិស្ថាន និង ការពារធនធានធម្មជាតិ ដែលជាឧត្តមប្រយោជន៍មួយ របស់ជាតិមាតុភូមិ និងការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារទឹកដីរបស់មាតុភូមិកម្ពុជាយើង។

ក្នុងការចូលរួមការពារមាតុភូមិ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាក្រសួងបរិស្ថាន បាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ

១) ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងផ្តល់ផែនទីផ្កាយរណប សម្រាប់ការផ្ទៀងផ្ទាត់ និងចុះបង្រ្កាបបទល្មើសនានា រួមទាំងការបំពាក់សម្ភារៈប្រើប្រាស់ ដូចជាដ្រូន ដល់មន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

៤) ជំរុញការដាំដើមឈើឲ្យច្រើន ដើម្បីរក្សានូវកំណើនគម្របព្រៃ ជាពិសេសជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ជំរុញការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ហើយបានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» កាលពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៤នៅមុខទិស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តាទូទាំងប្រទេស និងបានចែកកូនឈើសរុបចំនួន១,៣លានដើម ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមសហគមន៍ ដាំស្តារព្រៃ តាមទីសាធារណៈ សាលារៀន វត្តអារាមជាដើម។

នៅក្នុងទិសដៅបន្ត ក្រសួងបរិស្ថានបានបន្តជំរុញឱ្យមន្ទីរបរិស្ថានទាំងអស់ បន្តបណ្តុះកូនឈើឱ្យបានច្រើនទ្វេរដងបន្ថែមទៀត រួមជាមួយការបណ្តុះកូនត្នោត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំ ចូលរួមបង្កើនគម្របព្រៃ ដាំតាមក្រវ៉ាត់ព្រំដែនកម្ពុជា ក្នុងគោលដៅដើម្បីថែរក្សារុក្ខាជាតិ ដើមឈើតំណាងអត្តសញ្ញាណជាតិ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន ការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

អត្ថបទពាក់ព័ន្ធ