TikTok ជាបណ្តាញសង្គមដ៏ធំមួយ ដែលកំពុងពេញនិយមនៅលើពិភពលោក និង នៅក្នុងប្រទេសកម្ពុជា។ បណ្តាញសង្គមនេះ ផ្តោតលើការបង្ហោះជាឃ្លីបវីដេអូ និងមានអ្នកលេងរាប់លានអ្នក ជាពិសេសនៅប្រទេសកម្ពុជា ចំនួនអ្នកប្រើក៏មិនតិចនោះដែរ។ រាល់ពេលបង្ហោះវីដេអូ នៅលើ TikTok ម្តងៗ វីដេអូខ្លះមានអ្នកឱ្យបេះដូង រហូតដល់ខ្ទង់លានក៏មាន ដែលនេះជាសញ្ញាបង្ហាញថា TikTok ជាបណ្តាញសង្គមដែលមានអ្នកប្រើច្រើននិង ទទួលការពេញនិយមពីអ្នកប្រើគ្រប់ស្រទាប់។
នាពេលថ្មីៗ នេះ ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីគម្រោង ក្នុងការជួយធ្វើឱ្យអ្នកលេង TikTok ដែលមានអ្នក Follow និង Likes ច្រើននៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានពីបណ្តាញសង្គមមួយនេះ។ ឯកឧត្តម ដួង តារា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “អ្នកលេង TikTok បានលុយ..បងប្អូនដែលលេង TikTok កន្លងមកពូកែៗដែលមាន Followers & Likes រាប់សិបលាន …តើបងប្អូនបានទទួលកម្រៃពីសេវាកម្ម TikTokដែរឬទេ? ខ្ញុំកំពុងទាក់ទងទៅតំណាងក្រុមហ៊ុនដើម្បីសួរនាំអំពីឱកាស Monetize តាម TikTok ដើម្បីជម្រាបបងប្អូនអ្នកប្រើប្រាស់នៅកម្ពុជា។ សូមចែករំលែកការពិតផង អរគុណបងប្អូន!”
គួរឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ចំនួន 1.1 ពាន់លាននាក់ នៅក្នុងប្រទេសចំនួន 160 ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងសហរដ្ឋអាមេរិក មានអ្នកទាញយកកម្មវិធី TikTok ចំនួន 220លានដង ដែលនេះជាចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ៕