fbpx

ការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ បង្ហាញថាបណ្ដាខេត្ត រាជធានីទាំង២៥ នៅឆ្នាំ២០២៤ នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន

អត្ថបទដោយ រាជ មេសា
175 views

យោងតាមលទ្ធផលបានមកពីការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ ដើម្បីចង់ដឹងនៅ ឧទកៈធារា ឬដំណើរទឹកភ្លៀងស្រាប់ឆ្នាំក្រោយ(ឆ្នាំ២០២៤) បានបង្ហាញថា បណ្ដាខេត្ត រាជធានីទាំង២៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទក:ធារា ឬដំណើរទឹកភ្លៀង ត្រូវបានបា្ររព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង កាលពីរាត្រីពេញបូរមី ថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការ:បូជា ដល់ព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុក្នុងព្រះរាជពិធីនេះរួចមក ការបួងសួងចង់ដឹងអំពីដំណើរទឹកភ្លៀងដែលបង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង២៥ខេត្ត រាជធានីក្នុង ឆ្នាំ២០២៤ខាងមុខ ទទួលបានលទ្ធផល រួមមាន ១-ខេត្តកណ្ដាលដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២-ខេត្តកំពត ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

៣-ខេត្តកំពង់ចាម ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀធ្លាក់ច្រើន។ ៤-ខេត្តកំពង់ធំ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម។ ៦-ខេត្តកំពង់ស្ពឺ ដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។ ៧-ខេត្តកែប ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៨-ខេត្តកោះកុង ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៩-ខេត្តក្រចេះ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១០-ខេត្តតាកែវដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១១-ខេត្តបាត់ដំបង ដើមឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

១២-ខេត្តបន្ទាយមានជ័យដើមឆ្នាំមានទឹកភ្លៀង ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៣-ខេត្ត ប៉ៃលិន ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិចនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៥-ខេត្តព្រៃវែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៦-ខេត្តព្រះវិហារ ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៧-រាជធានីភ្នំពេញ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៨-ខេត្តមណ្ឌលគិរី ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៩-ខេត្តរតនគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២០-ខេត្ត ស្វាយរៀង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មានទឹកភ្លៀងធ្លាក់ច្រើន។

២១-ខេត្តសៀមរាប ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៣-ខេត្តព្រះសីហនុ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។២៤-ខេត្តឧត្ដរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិចកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

២៥-ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។គួរបញ្ជាក់ដែរថា តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំនៅរាត្រីថ្ងៃទី២ នៃព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានរៀបចំព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណ:ជំនឿប្រពៃណីខ្មែរ ដោយធ្វើការទស្សន៍ទាយ តាមរយៈការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណ កាលរៀងមក ដើម្បីផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខ។

ដោយឡែក នារាត្រីថ្ងៃដដែលនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នៅក្នុងព្រះបរមរាជវាំង ដោយមានការ យាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងផងដែរ៕

អត្ថបទពាក់ព័ន្ធ