fbpx

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញ​ធ្វើសេចក្តីថ្លែងការ​ណ៍​ ក្នុង​វេទិកា​នយោបាយកម្រិតខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​ ឆ្នាំ​២០២៤​ របស់អង្គការសហប្រជាជាតិ​ នៅទីក្រុងញូយ៉ក ​សហរដ្ឋអាម៉េរិក

អត្ថបទដោយ រាជ មេសា
90 views

នៅថ្ងៃចន្ទ​ ទី១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ អញ្ជើញចូលរួម​វេទិកា​នយោបាយកម្រិតខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​ ឆ្នាំ​២០២៤​ របស់អង្គការសហប្រជាជាតិ​ នៅទីក្រុងញូយ៉ក ​សហរដ្ឋអាម៉េរិក។​

សូមជម្រាបថា​ ក្នុងអំឡុង​វេទិកា​ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើសេចក្តីថ្លែងការណ៍​​ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រោមប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ​ប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រ​ក្នុងគ្រាមានវិបត្តិ ដោយផ្តល់ដំណោះស្រាយប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព មានភាពធន់ និងនវានុវត្តន៍ និង​បានធ្វើ​សេចក្តីថ្លែងការណ៍ស្ដីពីគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី៦​ ស្ដីពីទឹកស្អាត និងអនាម័យ (SDG 6) នៅក្នុងព្រឹត្តិការណ៍ពិសេសកម្មវិធីសកម្មភាពទឹក។

ឯកឧត្តម​រដ្ឋមន្ត្រី​បានជម្រាបប្រាប់ដល់អង្គវេទិកាថា​​ ប្រទេសកម្ពុជា​បាន​ប្តេជ្ញាចូល​រួមចំណែកនៅ​ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​ ក្នុង​ការផ្លាស់ប្តូរទៅ​ប្រើ​ប្រាស់​ថាមពលកកើតឡើងវិញ បង្កើនភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការគ្រប់គ្រងដីនិងទឹកប្រកបដោយនិរន្តរភាព ព្រមទាំង​​បាន​អំពាវនាវឱ្យមានការពង្រឹងសាមគ្គីភាពជាសាកល ដើម្បីដោះស្រាយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព។

សូមបញ្ជាក់ថា​ វេទិកា​នយោបាយកម្រិតខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​ឆ្នាំ​២០២៤​ ប្រព្រឹត្ត​ទៅ​ពី​​ថ្ងៃទី​១៥-១៨ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ដោយមានសមាជិកចូលរួមប្រមាណ​ ១៦៩ប្រទេសមកពី​គ្រប់តំបន់។​ ដោយឡែក​​ប្រទេសកម្ពុជា សាធារណរដ្ឋឆេក​ និងហ្ស៊កដានី ត្រូវបាន​អង្គការ​សហ​ប្រជា​ជាតិ​ជ្រើសរើសជាប្រទេសដែលអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦​ ស្ដីពីទឹកស្អាត និង​អនាម័យ​ បានល្អប្រសើរ និងបានអញ្ជើញតំណាងពី​ប្រទេសទាំង៣ ដើម្បី​ធ្វើការ​ចែករំលែកបទពិសោធន៍ទៅ​ដល់​បណ្តា​ប្រទេសផ្សេងទៀតដែលកំពុងជួបបញ្ហា៕

អត្ថបទពាក់ព័ន្ធ