ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៦០២,៥៧០នាក់ ក្នុងអំឡុងពេល ១០ខែដំបូងនៃឆ្នាំ២០២៣ ដែលកើនឡើង ២៥៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មានចិន ស៊ិនហួរ។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយពីសហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា រមណីយដ្ឋានបុរាណនេះរកចំណូលបាន ២៧,៨៨ លានដុល្លារអាមេរិកពីការលក់សំបុត្រក្នុងអំឡុងខែមករា ដល់ខែតុលា ឆ្នាំនេះ កើនឡើង ៣១២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅក្នុងខែតុលាតែមួយ ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន ៦៣០០៩នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន ២,៩២លានដុល្លារ ពីការលក់សំបុត្រ។
ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានទំនុកចិត្តយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ កាលពីថ្ងៃទី ១៦ ខែតុលា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកទស្សនាឧទ្យានអង្គរកាន់តែច្រើន។ ឯកឧត្តម បានប្រាប់សារព័ត៍មានស៊ីនហួ ថា “អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់ប្រទេស។ យើងសង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដូច្នេះពួកគេនឹងនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តសៀមរាប”។
មានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ឧទ្យានបុរាណវិទ្យាអង្គរ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ ក្នុងឆ្នាំ ១៩៩២ ហើយជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ៕