លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានគូសបញ្ជាក់ថា អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូន។
ការបំភាយកាបូនដ៏ធំបំផុតគឺបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រើប្រាស់របស់អតិថិជន ហើយក្រុមហ៊ុន Apple បានកំណត់គោលដៅរបស់ខ្លួនដើម្បីឱ្យមានការបំភាយកាបូនមួយនៅក្នុងកម្រិតទាប ចំពោះផលិតផលរបស់ខ្លួនទាំងអស់នៅត្រឹមឆ្នាំ 2030។ នេះបើតាមការបញ្ជាក់ពី លោក Tim Cook ក្នុងអំឡុងពេលកិច្ចប្រជុំពិភាក្សានៅឯវេទិកាអភិវឌ្ឍន៍ចិន ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple រូបនេះ បាននិយាយថា Apple បានប្រកាសផលិតផលដែលប្រើប្រាស់ កាបូននៅក្នុងកម្រិតទាបដំបូងរបស់ខ្លួន ហើយវាគឺជា Apple Watch។ លោក Tim Cook បាននិយាយយ៉ាងដូច្នោះថា “យើងនឹងមិនអាចសម្រេចបាននូវគោលបំណងរបស់យើង ហើយក៏មិនអាចសម្រេចបាននូវការប្រើប្រាស់កាបូនរបស់យើងនៅលើនាឡិកាដោយគ្មានអ្នកផ្គត់ផ្គង់របស់យើងដែរ។ វាពិតជាបញ្ហាដែលនិយាយអោយងាយយល់ថា មួយបូកមួយស្មើនឹងបី។ វាជាការសហការដែលមានសារៈសំខាន់ខ្លាំងណាស់”។
ដោយលើកឡើងថាក្រុមហ៊ុនមានអ្នកផ្គត់ផ្គង់ច្រើននៅក្នុងប្រទេសចិន លោក Cook បាននិយាយថា “ពួកគេមិនត្រឹមតែទទួលនូវទំនួលខុសត្រូវដើម្បីសម្រេចបាននូវគោលដៅប៉ុណ្ណោះទេ ពួកគេក៏មានគំនិតច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗដើម្បីធ្វើអ្វីៗប្រសើរឡើងផងដែរ”។ លោកនិយាយបែបនេះ ខណៈដែលបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ដៃគូចិនក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនថា “ប្រសិនបើអ្នកចង់ទៅលឿនទៅតែម្នាក់ឯង បើអ្នកចង់ទៅកាន់តែឆ្ងាយទៅជាមួយគ្នា”៕