អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួម អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។
អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត។
ក្នុងន័យដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក ភ្ញៀវទេសចរជាតិ- អន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គ ភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុម ហ៊ុនទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕