នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese កាលពីពេលថ្មីៗនេះ បានប្រកាសថា គម្រោងទិដ្ឋាការអ្នកធ្វើដំណើរញឹកញាប់រយៈពេល 10 ឆ្នាំនឹងត្រូវបានពង្រីកដល់ប្រទេសដែលមានសិទ្ធិទទួលបានក្នុងអាស៊ាន និងទីម័រខាងកើត។
ការប្រកាសរបស់លោកត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីនៅទីក្រុងមែលប៊ន ដែលលោកធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំប្រទេសឡាវ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីគេហទំព័រផ្លូវការរបស់ នាយករដ្ឋមន្ត្រីអូស្ត្រាលី។
លើសពីនេះ ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ដែលមកធ្វើអាជីវកម្មនឹងត្រូវបន្តពី ៣ ទៅ ៥ ឆ្នាំ។ គម្រោងទិដ្ឋាការអ្នកធ្វើដំណើរញឹកញាប់ អនុញ្ញាតឱ្យភ្ញៀវបរទេសស្នាក់នៅរហូតដល់បីខែរៀងរាល់ពេល។ អូស្ត្រាលី ពីមុនបានអនុញ្ញាតឲ្យអ្នកទេសចរចិនដាក់ពាក្យស្នើសុំគម្រោងទិដ្ឋាការរយៈពេល 10 ឆ្នាំ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញប្រជាជនចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក។
ទោះជាយ៉ាងនេះក្តី អូស្ត្រាលីកំពុងបាត់បង់ទេសចរបរទេស ដោយសារតែភ្ញៀវទេសចរចិនបាននិងកំពុងសម្រុកទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ និងម៉ាឡេស៊ី ដោយសារគោលនយោបាយគ្មានទិដ្ឋាការ របស់ប្រទេសទាំងនោះ។ មុនពេលជំងឺរាតត្បាតកូវីដ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៃទេសចរណ៍ របស់ប្រទេសអូស្ត្រាលី។ ក្នុងឆ្នាំ 2019 ការមកដល់របស់ភ្ញៀវអាស៊ីអាគ្នេយ៍បានកើនឡើងដល់ 1.5 លាននាក់ ដែលរកចំណូល ប្រមាណ 2.7 ពាន់លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចអូស្ត្រាលី។ នេះបើយោងតាមនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី៕