ស្ថិតនៅក្នុងបរិវេណវង់ធំនៃតំបន់រមណីយដ្ឋានអង្គរ ប្រាសាទបន្ទាយសំរ៉ែហាក់នៅដាច់ឆ្ងាយពីគេបន្ដិច។ យ៉ាងណា ប្រាសាទនេះក៏ជាទីទាក់ទាញដល់ភ្ញៀវទេសចរមួយផងដែរ។
ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍នៅប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូក លោក សៀន បណ្ឌិត បានឱ្យដឹងថា ប្រាសាទបន្ទាយសំរ៉ែមានលំហូរទស្សនារៀងមមាញឹកគួរសមនារយៈចុងក្រោយនេះ ពិសេសក្រោយរាជរដ្ឋាភិបាលរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការចរាចរឆ្លងកាត់ពីភូមិព្រះដាក់ឆ្ពោះទៅភូមិរុនតាឯក ក៏បានស្រូបទាញទេសចរឱ្យចូលកម្សាន្តប្រាសាទនេះដែរ។
តាមការបញ្ជាក់ពីលោក បណ្ឌិត ក្នុងមួយថ្ងៃមានទេសចរបរទេសចន្លោះពី១០០ទៅ២០០នាក់ ដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែនេះ។ មូលហេតុដែលទេសចរ ចាប់អារម្មណ៍ប្រាសាទនេះ ក៏ដោយសារប្រាសាទនេះមានភាពស្ងប់ស្ងាត់ល្អ ធម្មជាតិត្រឈឹងត្រឈៃ បរិយាកាសបរិសុទ្ធ។
ភ្ញៀវទេសចរដែលមកកម្សាន្តប្រាសាទបន្ទាយសំរ៉ែ គឺច្រើនផ្សារភ្ជាប់ជាមួយវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយស្រី។ លោក បណ្ឌិត បញ្ជាក់ថា ជួនកាលពួកគេចូលទស្សនាប្រាសាទបន្ទាយសំរ៉ែមុន ទើបចេញទៅបន្ទាយស្រី ឬក៏ទៅទស្សនាបន្ទាយស្រីរួច ទើបចូលបន្ទាយសំរ៉ែ។
ចំណុចពិសេសនៃប្រាសាទបន្ទាយសំរ៉ែ ជាទីតាំងដ៏ល្អសម្រាប់ទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមានបរិស្ថានដ៏ស្រស់បំព្រង។ ក្រៅពីទស្សនាប្រាសាទ ទេសចរក៏អាចអង្គុយអានសៀវភៅ ដែលក្នុងនោះក្រុមការងារភ្នាក់ងារទេសចរណ៍បានរៀបចំកន្លែងសម្រាប់ទេសចរអង្គុយលេងនៅក្រោមម្លប់ដើមឈើនៅក្នុងបរិវេណប្រាសាទនេះផងដែរ៕