fbpx

សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី កំពុងជំរុញកសិករក្នុងសហគមន៍បង្កើនផលិតភាពក្នុងការងារដាំដុះដំណាំបន្លែ

អត្ថបទដោយ រាជ មេសា
205 views

កសិករ នៅក្នុងសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី កំពុងមមាញឹក ក្នុងការងារប្រមូលផលបន្លែ លក់ទៅកាន់ទីផ្សារ ខណៈខាងសហគមន៍ក៏កំពុងជំរុញការងារដាំដុះដំណាំបន្លែជាច្រើនប្រភេទទៀត។

លោក សាន្ត សំណាង អនុប្រធានក្រុមប្រឹក្សាភិបាល សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករជាសមាជិកសហគមន៍ចំនួនប្រមាណ៣០០គ្រួសារ កំពុងមមាញឹកក្នុងការងារដាំដុះ និងប្រមូលផលដំណាំបន្លែជាច្រើនប្រភេទ មានដូចជា៖ ខាត់ណាផ្កា ស្ពៃ សណ្តែកកួរ ត្រសក់ និងបន្លែចម្រុះជាច្រើន ទៅតាមផែនការនៃក្រុមផលិត របស់សហគមន៍បានរៀបចំ។ លោកថា បច្ចុប្បន្នដំណើរការផលិតដំណាំបន្លែរបស់កសិករ នៅមិនទាន់បំពេញបានតាមផែនការទីផ្សារនៅឡើយ ដោយសារបន្លែខ្លះមិនអាចដាំវិលជុំបាន និងទំហំផ្ទៃដីបង្កបង្កើនតូចចង្អៀតនៅឡើយ។

លោកបន្តថា ថ្វីត្បិតតម្លៃទីផ្សារបន្លែក្នុងពេលបច្ចុប្បន្ន ហាក់មានការធ្លាក់ចុះបន្តិច ដោយសារភាពជន់ជោរនៃបន្លែដែលកសិករនិយមដាំតៗគ្នាក៏ពិតមែន ប៉ុន្តែសហគមន៍បានស្វែងរកទីផ្សារ លក់ចេញផលិតផលរបស់កសិករបានយ៉ាងល្អប្រសើរ។ ក្នុងនោះ ដើម្បីបង្កើនផលិតភាពក្នុងការផលិតបន្លែ ឱ្យស្របតាមតម្រូវការរបស់ទីផ្សារ សហគមន៍កំពុងទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូនានា ដើម្បីបន្តជួយទៅលើរោងសំណាញ ប្រមាណ៣០ខ្នងបន្ថែមទៀត សម្រាប់កសិករជាសមាជិក ដើម្បីឱ្យការងារដាំដុះបានកាន់តែប្រសើរ។

ដូចជាច្រើនដែរ គាត់ចាក់ដីចាក់អីពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ឥឡូកំពុងតែជួបក្រសួងសេដ្ឋកិច្ច និងក្រសួងកសិកម្ម គាត់មកវាយតម្លៃបញ្ចប់គម្រោងសំណើពិពិធកម្ម ព្រោះយើងចង់សាងសង់ផ្ទះសំណាញឱ្យបាន៣០ខ្នង យើងផលិតវិលជុំហើយឱ្យទៅទីផ្សារ ប្រហែលជាអាចឆ្នាំក្រោយអាចមានផ្ទះសំណាញ់ហើយ យើងនៅតែពីខាងកសិករគាត់ចូលរួមគ្រប់គ្រាន់ទៅ យើងអាចដាក់សំណើផ្ទះសំណាញ់បានហើយ។

សូមជម្រាបថា សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី បាន បង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្រទៅលើខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម មានដូចជា៖ មាន់ស្រែ បន្លែ និងការផ្គត់ផ្គង់ធាតុ ចូលរួមគ្នា ឱ្យមានតម្លៃសមរម្យសម្រាប់កសិករជាសមាជិក ដែលមានទីតាំងក្នុងឃុំកន្រ្ទំាង ស្រុកប្រាសាទបាគងខេត្តសៀមរាប៕

អត្ថបទពាក់ព័ន្ធ