ក្រុមហ៊ុនផលិតបន្ទះ Chip យក្សតៃវ៉ាន់ Semiconductor Manufacturing Company (TSMC) កំពុងបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុនបន្តពង្រីកវត្តមានទូទាំងពិភពលោក។
TSMC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក នឹងសាងសង់រោងចក្រផលិត semiconductor ទី 2 នៅក្នុងប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអតិថិជន។
Japan Advanced Semiconductor Manufacturing (JASM) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងដោយ TSMC គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ 2024 នេះ។ រោងចក្រនេះគ្រោងនឹងដំណើរការនៅចុងឆ្នាំ 2027 ។
សេចក្តីថ្លែងការណ៍បាននិយាយថា រួមគ្នាជាមួយនឹងរោងចក្រដំបូងរបស់ JASM ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ ការវិនិយោគសរុបនៅក្នុងប្រទេសជប៉ុននឹងលើសពី 20 ពាន់លានដុល្លារ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលជប៉ុន រួមទាំងក្រុមហ៊ុន Toyota Motor និង Sony ក៏បានវិនិយោគក្នុងការបណ្តាក់ទុននេះដែរ។
រោងចក្រនេះនឹងរួមគ្នាបង្កើតការងារជំនាញប្រហែល 3,400 កន្លែង។ នេះបើយោងតាមការឱ្យដឹងពី TSMC ។ ការកើនឡើងនៃតម្រូវការរបស់អតិថិន នៅក្នុងប្រទេសជប៉ុនកើតឡើង ស្របពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបកំពុងប្រឈមនឹងការពន្យារពេលនៅក្នុងគម្រោងរបស់ខ្លួននៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក។