ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តឱ្យធុរជន និងក្រុមហ៊ុនជប៉ុន មកវិនិយោគជាមួយក្រុមហ៊ុនកម្ពុជាឱ្យបានច្រើន ដើម្បីទទួលបានផលប្រយោជន៍នានាពីរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រងចាំផ្ដល់នូវកិច្ចសហការសម្របសម្រួលនិងផ្ដល់មធ្យោបាយគ្រប់យ៉ាងជូនវិនិយោគិនទាំងអស់ដោយក្តីរីករាយ។
វេទិការដ្ឋ-ឯកជនលើកទី៤ ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន ផ្ដោតលើការអភិវឌ្ឍទីក្រុងឆ្លាត និងការអភិវឌ្ឍអចលនទ្រព្យ ចូលរួមដោយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ព្រមទាំងសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា សមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនវិនិយោគ និងធុរជនកម្ពុជា។
ជប៉ុន ជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជានិងបានជួយដល់កម្ពុជាយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព ព្រមទាំងបានជួយលើគ្រប់វិស័យក្នុងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ។ ជប៉ុនថែមទាំងបានជួយផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងតំបន់តាមរយៈការស្ថាបនាផ្លូវជាតិលេខ៥ ដែលតភ្ជាប់បណ្ដាខេត្តជាច្រើននៅកម្ពុជាក៏ដូចជាប្រទេសជិតខាង។
ជំនួបជាមួយ ឯកឧត្តម ISHIBASHI Rintaro អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់ភាគីជប៉ុនបន្តសហការជួយលើផ្នែកសុរិយោដី និងលំនៅឋានបន្តទៀត ដើម្បីសម្រេចបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលចង់ឃើញប្រជាពលរដ្ឋទាំងអស់មានលំនៅឋានសមរម្យ និងគ្រួសាររស់នៅប្រកបដោយភាពសុខដុម៕