(ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO)កនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) នៅប្រទេសស្វីស។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃគម្រោងកាន់តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោងការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជាក្នុងទីផ្សារពិភពលោក។
ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមានរបស់កម្ពុជាក៏ជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យវាយនភណ្ឌ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និងផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជាខណៈដែលជាប្រទេសបានអនុវត្តយ៉ាងល្អលើគម្រោងការងារកាន់តែប្រសើរនៅក្នុងតំបន់៕