fbpx

កម្ពុជា កំពុងត្រូវការអ្នកវិនិយោគដើម្បីកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម អង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម

អត្ថបទដោយ ពិទូ
186 views

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគដើម្បីកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕

អត្ថបទពាក់ព័ន្ធ