fbpx

កម្ពុជា បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ជាមួយសហរដ្ឋអាមេរិក

អត្ថបទដោយ រាជ មេសា
164 views

ស្ថានទូតអាម៉េរិក​នៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និង​សហ​រដ្ឋអាមេរិក នៅសារមន្ទីរជាតិ។ ការចុះហត្ថលេខា​នេះ ដែលជាការបញ្ជាក់ជាថ្មី នូវការ​ប្តេជ្ញា​ចិត្តយូរអង្វែង​របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែបរបស់កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាន​ទូត​អាម៉េរិក​ប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា កម្ពុជាគឺជាប្រទេសតែមួយគត់​នៅតំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​​កិច្ច​ព្រមព្រៀង​នេះ។ អនុស្សរណៈ នៃការយោគយល់គ្នា (MOU)​ជា​លើក​ដំបូងត្រូវ​បាន​ចុះ​ហត្ថលេខា​នៅឆ្នាំ ២០០៣។ ការបន្ត MOU ទៀតនេះ ​រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ទាក់​ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូល​ប្រភេទ​វត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា​នៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់​នៃវត្ថុបុរាណ​ដ៏ល្អឯក ពីប្រទេសកម្ពុជា។

ការបន្ត MOU នេះ នឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុ​ជាតិពន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឱ្យសាធារណ​ជន​កាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាន​នូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប​របស់កម្ពុជា។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក MOU នេះ​បានជួយសម្រួល​ដល់ការបញ្ជូន​ត្រឡប់​មក​កម្ពុជាវិញ នូវវត្ថុបុរាណដ៏​មានតម្លៃចំនួនជាង ១០០ ដុំ និងបានកសាងសមត្ថភាព​របស់​ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សាគាំពារបេតិកភណ្ឌវប្បធម៌។ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកបានប្រកាសផងដែរ​ នូវ​ជំនួយ​ថវិកាចំនួន ៤៥ ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់​បន្តការងារអភិរក្ស​នៅប្រាសាទភ្នំបាខែង។ ឯកឧត្ដម​ ឯកអគ្គរដ្ឋទូត Murphy បានគូស​បញ្ជាក់​ថា៖ «ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាច​នៃវប្បធម៌ ក្នុងការធ្វើឱ្យ​មនុស្ស​មានការរួបរួមគ្នា។

សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែក​របស់ខ្លួន ក្នុង​ការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌​នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្ស​ជំនាន់ក្រោយៗទៀត»។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា៖ ​«អស់រយៈ​ពេល​ជាច្រើនទសវត្សរ៍មកហើយ ដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានលួច និងទទួលទិញដោយអ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំង​ពិភព​​លោក។ វិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវវត្ថុ​បុរាណ និងសម្បត្តិវប្បធម៌ ពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ។ កិច្ចសហការគ្នារវាង​សហ​រដ្ឋអាមេរិក និងប្រទេសកម្ពុជាមានសារសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការ​ជួញ​ដូរវត្ថុបូរាណខុសច្បាប់»។

លោកជំទាវបណ្ឌិសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ សម្រាប់ការបន្តការ​គាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។ សូមជម្រាបជូនថា តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយ​ជា​ថវិកាជិត ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុល​ប្រាសាទ​ភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរ​ប្រល័យ​ពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈ​នៅសារ​មន្ទីរតាមខេត្តនានា និង​អប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្ប​ធម៌។

អត្ថបទពាក់ព័ន្ធ