អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយ នៅថ្ងៃពុធ ទី 10 ខែមេសា ឆ្នាំ 2024 នេះ ថា ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 6.26 ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទីមួយ ក្នុងឆ្នាំ 2024 ពោលគឺកើនឡើង 18 ភាគរយពី 5.3 ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រ
បាយការណ៍បានបន្តថា ផលិតផលដែលនាំចេញសំខាន់រួមមានសម្លៀកបំពាក់ ស្បែកជើង កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ។ របាយការណ៍ខាងលើ បានបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំគឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន និងថៃ។ ក្នុងរបាយការណ៍នោះ បានបន្តថា ទន្ទឹមនឹងនេះ កម្ពុជា បានកត់ត្រាការនាំចូលសរុបចំនួន 6.23 ពាន់លានដុល្លារក្នុងអំឡុងពេលខែមករា ដល់ខែមីនា ឆ្នាំ2024 នេះ ពោលគឺកើនឡើង 6.3 ភាគរយ ពី 5.86 ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបន្ថែមថា ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ស្បែកជើង យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ ក្នុងចំណោមទំនិញផ្សេងៗទៀត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងកំណើនពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានថ្លែងបន្តថា “ទាំង RCEP និង CCFTA គឺជាកាតាលីករសម្រាប់កំណើនពាណិជ្ជកម្មរយៈពេលវែង និងនិរន្តរភាពរបស់យើង ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរគឺជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងពន្ធអនុគ្រោះដែលផ្តល់ដោយ RCEP និង CCFTA កំណើនពាណិជ្ជកម្មរបស់យើងនឹងបន្តកើនឡើងពេញមួយឆ្នាំ 2024 នេះ”។
គួរបញ្ជាក់ថា RCEP រួមមានប្រទេសចំនួន 15 ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន 10 រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន 5 គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ៕