fbpx

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈចំនួន៣

អត្ថបទដោយ រាជ មេសា
157 views

របៀបវារៈចំនួន៣ ដែលក្នុងនោះរួមមាន ១- ពិនិត្យឆ្លងសេចក្តីព្រាង “របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤” ២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួន និង ៣-ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការកណ្តាលថ្មី ត្រូវបានលើកយកមកពិភាក្សា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាតនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។

តាមរយៈសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពី គណបក្សបានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ និយាយរួម គណបក្សប្រជាជនកម្ពុជាពុំដែលធ្វេសប្រហែស ឬបាត់ម្ចាស់ការលើកិច្ចការងារជាយុទ្ធសាស្ត្ររបស់ខ្លួនឡើយ។ រាល់ការវិភាគពិចារណារបស់ គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់នូវទស្សនៈសត្យានុម័ត ដែលគ្របដណ្តប់លើទស្សនៈគ្រប់ ជ្រុងជ្រោយ ទស្សនៈប្រវត្តិសាស្ត្រជាក់ស្តែង និងទស្សនៈអភិវឌ្ឍជានិច្ច។ យ៉ាងណាមិញការត្រៀមលក្ខណៈ សម្រាប់ការបន្តវេនគឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នានៅពេលណានោះ ក៏ត្រូវបានពិនិត្យពិច្ច័យយ៉ាងល្អិតល្អន់ផងដែរ ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។

ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្សកំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧នៃរដ្ឋសភានេះតែម្តង។ កាលវេលានេះ ក៏បង្កឱកាសឱ្យថ្នាក់ដឹកនាំជំនាន់ចាស់នៅបន្តជួយតាមមើលការដឹកនាំរបស់ជំនាន់ថ្មីប្រកបដោយសុទិដ្ឋិនិយមនិងសុភនិច្ឆ័យផងដែរ។ នេះជាសភាពការណ៍ពិតរបស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ បានបដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិក៤ខែហើយ ហើយពិតណាស់ថា ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញ ដំណើរភ្លាមដែរនោះគឺ កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង។

គួរបញ្ជាកដែរថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នឹងដំណើរការរយៈពេល២ថ្ងៃ(ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣) តាមរបៀបវារៈដែលបានកំណត់។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលដែលបានចូលរួមមានចំនួន ៧៣៩រូប លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គមហាសន្និបាតក៏បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណប ចូលរួម ដែលធ្វើឱ្យសមាសភាពដែលបានអញ្ជើញសរុបមានចំនួន ៣ ៦០០ រូប៕

អត្ថបទពាក់ព័ន្ធ