កម្ពុជា បានដាក់តាំងផលិតផលសក្តានុពល និងផ្សព្វផ្សាយសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខ្លួនក្នុងអំឡុងពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទីប្រាំមួយ ដែល ធ្វើនៅថ្ងៃទី 5-10 ខែវិច្ឆិកា ឆ្នាំ 2023 នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិត ចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កម្ពុជា ។
នេះជាលើកទី 6 ហើយ ដែលក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា “សម្រាប់ឆ្នាំ 2023 កម្ពុជាបានសាងសង់ព្រះពន្លាជាតិ ដែលមានទំហំ 136ម៉ែត្រការ៉េ សាងសង់តាមរចនាបថព្រះបរមរាជវាំង និងតុបតែងលម្អតាមបែបខ្មែរ”។
នៅក្នុងព្រះពន្លាកម្ពុជា ផលិតផលសក្តានុពលដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច កាហ្វេ និងវត្ថុអនុស្សាវរីយ៍ត្រូវបានដាក់តាំងបង្ហាញ ព្រមទាំងរូបភាព និងវីដេអូ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ របស់ កម្ពុជា ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានផ្តល់ឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុនបរទេសក្នុងការបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេទៅកាន់អតិថិជន និងវិនិយោគិនចិន ។
ឯកឧត្តម ប៉ែន សុវិជាតិ បានប្រាប់ Xinhua ថា “CIIE បានផ្តល់នូវការជំរុញដល់ទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសចិន” ។ ការនាំចេញរបស់យើងទៅកាន់ប្រទេសចិនបានកើនឡើងជាលំដាប់ ដោយសារអ្នកវិនិយោគចិនកាន់តែច្រើនបានចូលមកបណ្តាក់ទុននៅកម្ពុជា” ។